
សម្តេចតេជោ ធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចនៅចិនប្រកបដោយលទ្ធផលផ្លែផ្កា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូបទៀត នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចនៅចិនរយៈពេល ២ថ្ងៃប្រកបដោយលទ្ធផលផ្លែផ្កាត្រចេះត្រចង់។
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។
ក្នុងជំនួបនោះលោក លី ជានស៊ូ មានប្រសាសន៍សំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃដដែលមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង ដោយលោកបានប្រកាសគាំទ្រ និងអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា?» ជាមួយនឹងការអរគុណនេះលោក ស៊ី បានប្រកាសផ្ដល់ជំនួយឥតសំណងដែលមានជាង ៤៤លានដុល្លារផងដែរ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏មានជំនួបជាមួយ លោក លី ខឺឈាង ដោយភាគីទាំងពីរកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងម៉ាំដូចដែកថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។
ទន្ទឹមនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ ត្រូវបានចុះហត្ថលេខានៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕