អាមរិក៖ ក្រុមហ៊ុន Zoom ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទំនាក់ទំនងជាវីដេអូដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ន បានឈានដល់កិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនផ្តល់សេវាកម្មផ្ទុកទិន្នន័យដ៏ធំមួយផ្សេងទៀតឈ្មោះថា Five9 ក្នុងតម្លៃផ្តាច់ប្រមាណជា ១៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមព័ត៌មានដែលប្រកាសដោយក្រុមហ៊ុន Zoom នៅថ្ងៃអាទិត្យម្សិលមិញ។
ក្រុមហ៊ុន Five9 នឹងចាប់ផ្តើមប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ Zoom ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Five9 លោក Rowan Trollope នឹងចូលមកកាន់តំណែងជាប្រធានរបស់ Zoom និងជានាយកប្រតិបត្តិនៃស្ថាប័ន Five9 បន្តទៀត បន្ទាប់ពីកិច្ចសន្យារវាងភាគីទាំងពីរបានបញ្ចប់រួចរាល់ រហូតដល់ប្រព័ន្ធប្រតិបត្តិការ Five9 ត្រូវចូលមកកាន់ Zoom ជាផ្លូវការ ដែលគេរំពឹងថានឹងរួចរាល់នៅក្នុងឆមាសទី១ ឆ្នាំ២០២២ខាងមុខនេះ។
Zoom បានក្លាយជាប្រព័ន្ធផ្តល់ប្រតិបត្តិការជំនួបតាមប្រព័ន្ធវីដេអូដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ចាប់តាំងពីការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ជាសកល ដោយបណ្តាស្ថាប័ន សាលារៀន និងការជួបជុំទូទៅ បានជ្រើសរើសប្រើប្រាស់សេវាកម្ម Zoom នេះវិញ សម្រាប់តម្រូវការប្រចាំថ្ងៃនៃការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន៕