ឥណ្ឌូណេស៊ី៖ ចំនួនវេជ្ជបណ្ឌិតដែលស្លាប់ដោយសារកូវីដ-១៩ មានចំនួនខ្ពស់ខ្លាំង ដែលត្រូវបានរាយការណ័ដោយប្រទេសឥណ្ឌណេស៊ី គិតត្រឹមពាក់កណ្តាលខែកក្កដាកន្លងទៅ អំឡុងពេលដែលវិបត្តិកូវីដ-១៩ កំពុងរាតត្បាយខ្លាំងក្នុងប្រទេសមួយនេះ ជាពិសេសគឺការសាយភាយនូវវីរុសកូវីដ-១៩ Delta ស្ទើរតែទាំងស្រុង។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ មានវេជ្ជបណ្ឌិតចំនួន ១១៤នាក់បានស្លាប់ដោយសារការឆ្លងកូវីដ-១៩ ដែលវាស្មើនឹងជាង ២០ភាគរយទៅហើយនៃចំនួនក្រុមគ្រូពេទ្យដែលស្លាប់ដោយសារកូវីដ-១៩ សរុបទាំង ៥៤៥នាក់ តាំងពីវីរុសកូវីដ-១៩ បានរាតត្បាតដំបូងក្នុងប្រទេសឥណ្ឌូណេស៊ី។
លោកវេជ្ជបណ្ឌិត Mahesa Paranadipa មន្រ្តីជាន់ខ្ពស់របស់សមាគមវេជ្ជបណ្ឌិតឥណ្ឌូណេស៊ី បានលើកឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយកាលពីពេលថ្មីៗកន្លងទៅថា សមាគមទាំងមូលកំពុងមានការយកចិត្តទុកដាក់ និងព្រួយបារម្ភថា វិស័យសុខាភិបាលរបស់ឥណ្ឌូណេស៊ី ទំនងជាមិនអាចទប់ទល់បានទៅនឹងការរាតត្បាតនេះឡើយ ដោយផ្អែកលើតួលេខអ្នកឆ្លង និងស្ថានភាពដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ឱ្យដឹងដែរថា ឥណ្ឌូណេស៊ីហាក់ដើរហួសឆ្ងាយមកពីបន្ទាត់ក្រហមនៃវីរុសកូវីដ-១៩ ដោយប្រជាជាតិដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ៤ មួយនេះ បានប្រកាសពីអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៤៤,៧២១នាក់ រួមទាំងអ្នកស្លាប់ចំនួន ១,០៩៣នាក់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដាម្សិលមិញនេះ៕