ប្រធានាធិបតីចិនអរគុណនាយករដ្ឋមន្ត្រីកម្ពុជាដែលបានថ្លែងថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានប្រកាសគាំទ្រ និងអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា?» ជាមួយនឹងការអរគុណនេះលោក ស៊ី បានប្រកាសផ្ដល់ជំនួយឥតសំណងដែលមានជាង ៤៤លានដុល្លារផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជាង ១០០នាទីនៅទីក្រុងប៉េកាំងថា ប្រទេសចិនគាំទ្រចំពោះជំហរគោលនយោបាយឯករាជ្យរបស់កម្ពុជា និងបានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា»។
លោកប្រធានាធិបតីក៏បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័នដែលស្មើនឹងជាង ៤៤លានដុល្លារអាមេរិក ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។ ក្រៅពីនោះក៏បានឯកភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាអំណរគុណចំពោះប្រទេសចិន ដែលបានចូលរួមធានាដល់ឯករាជ្យភាពអធិបតេយ្យ និងការរីកចំរើនរបស់កម្ពុជា ជាពិសេសភាពជោគជ័យនៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២ កន្លងទៅ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ លោក ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរចំពោះស្នាដៃរបស់សម្តេចនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបានជោគជ័យ។
សម្តេចតេជោបានបន្ថែមថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជាខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។
នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។
មេដឹកនាំទាំងពីរនិងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១ នយោបាយនិងការទូត ទី២ វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ទី៣ កសិកម្ម ទី៤ ថាមពល ទី៥ សន្តិសុខ ទី៦ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕