ម៉ិចស៊ិក៖ ក្លិបបាល់ទាត់ Tigres UANL បានប្រកាសចែកផ្លូវជាមួយនាយកបច្ចេកទេសលោក Diego Cocca ក្រោយពីលោកសម្រេចចិត្តទទួលតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិម៉ិចស៊ិក។ នេះបើតាមការបញ្ជាក់របស់ក្លិបនៃលីគកំពូលម៉ិចស៊ិក Liga MX កាលពីថ្ងៃព្រហស្បតិ៍។
ក្លិបបាល់ទាត់ Tigres បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយរួមគ្នាជាមួយលោក Diego Cocca ក្នុងនាមជានាយកបច្ចេកទេស ក្រោយពីក្លិបបានទទួលដំណឹង និងគោរពការសម្រេចចិត្តរបស់លោកក្នុងការទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិម៉ិចស៊ិក។
ប្រព័ន្ធផ្សព្វផ្សាយម៉ិចស៊ិកបានចុះផ្សាយថា គ្រូបង្វឹកអាហ្សង់ទីនលោក Cocca ត្រៀមរួចរាល់ក្នុងការជំនួសតំណែង លោក Gerardo Martino ដែលបានលាលែងពីតំណែងក្នុងក្រុមជម្រើសជាតិក្រោយពីធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ២០២២ និងមិនអាចឆ្លងផុតវគ្គចែកពូលបានរាប់តាំងពីឆ្នាំ១៩៧៨។
អតីតគ្រូបង្វឹកក្លិប Racing រូបនេះ ទើបចូលរួមជាមួយក្លិប Tigres បានប្រមាណជា ៣ខែប៉ុណ្ណោះ ធ្លាប់ដឹកនាំក្លិប Atlas ឈ្នះពានជាប់ៗគ្នា២រដូវកាល គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២ បញ្ចប់ការមិនឈ្នះពានសោះរបស់ក្លិបរយៈពេល ៧០ឆ្នាំ។ ក្លិបបាល់ទាត់ Tigres បានសម្រេចតែងតាំងជំនួយការគ្រូបង្វឹកលោក Marco Antonio "Chima" Ruiz ជាគ្រូបង្វឹកថ្មីជាផ្លូវការ៕