កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង មានផែនការក្នុងការផ្តល់នូវទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកដំណើរមកពីប្រទេសចិន ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ក្រោយពីប្រទេសចិនកាន់តែមានការវិវឌ្ឍន៍ប្រសើរឡើងពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ ក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់មន្រ្តីនៃទីក្រុងសេអ៊ូលបានឱ្យដឹងនៅថ្ងៃនេះ។
ប្រទេសកូរ៉េខាងត្បូងបានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីដល់ភ្ញៀវទេសចរចិនកាលពីខែមុន បន្ទាប់ពីប្រទេសចិនបានបញ្ចប់គោលនយោបាយដ៏តឹងរ៉ឹងរបស់ខ្លួនពាក់ព័ន្ធនឹងវិធានការ "ZERO-COVID"។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានសងសឹកទីក្រុងសេអ៊ូលវិញ ដោយបញ្ឈប់ទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកដំណើរមកពីកូរ៉េខាងត្បូងមកកាន់ប្រទេសចិនវិញដូចគ្នា។
លោក Kim Sung-ho អនុរដ្ឋមន្រ្តីមហាផ្ទៃដែលទទួលបន្ទុកលើគ្រោះមហន្តរាយ និងសុខុមាលភាពប្រជាជនបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចិត្តចាប់ផ្តើមការចេញទិដ្ឋាការឡើងវិញ បន្ទាប់ពីចំនួននៃការឆ្លងកូវីដ-១៩ក្នុងចំណោមអ្នកដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងពីប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយវីរុសប្រភេទថ្មីក៏មិនទាន់លេចចេញនៅឡើយ។
ដោយឡែក លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Han Duck-soo កាលពីសប្តាហ៍មុនបានណែនាំអំពីការដកការរឹតបន្តឹងមុនដំណាច់ខែកុម្ភៈ ប្រសិនបើស្ថានភាព COVID-19 នៅក្នុងប្រទេសចិនឈានដល់ស្ថានភាពមួយដែលអាចគ្រប់គ្រងបាន៕