អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទី ៤គ្រាប់សម្រាប់ក្រុម Al Nassr ក្នុងការប្រកួតក្របខណ្ឌលីគកំពូល Saudi Pro League កាលពីយប់មិញ ដែលនាំឱ្យលោកក្លាយជាកីឡាករដែលអាចស៊ុតបញ្ចូលទីលើសពី ៥០០គ្រាប់ហើយក្នុងអាជីពរបស់ខ្លួន។
កីឡាករជម្រើសជាតិព័រទុយហ្គាល់ ដែលនឹងឈានដល់វ័យ៣៨ឆ្នាំនាថ្ងៃអាទិត្យនេះ បានស៊ុតបញ្ចូលទី ៤គ្រាប់ផ្ទួនៗក្នុងពេលមិនដល់ ៣០នាទីផង ដែលនាំឱ្យក្លិប Al Nassr ទទួលបានជ័យជម្នះក្នុងលទ្ធផល ៤-០ ទល់នឹងក្លិប Al Wehda។
គួរបញ្ជាក់ថា Cristiano Ronaldo រកគ្រាប់បាល់បានសរុប ៥០៣គ្រាប់ហើយពីការបង្ហាញខ្លួននៅក្លិបចំនួន ៥ ក្នុងលីគកំពូលចំនួន ៥ផ្សេងគ្នា រួមមានស៊ុតបញ្ចូលទី ៣១១គ្រាប់ឱ្យ Real Madrid, ១០៣គ្រាប់ឱ្យ Manchester United, ៨១គ្រាប់ជាមួយ Juventus, ៣គ្រាប់ជាមួយ Sporting Lisbon និង ៥គ្រាប់ហើយជាមួយក្លិប Al Nassr។
ម្ចាស់ពាន Ballon D'or ៥សម័យកាលរូបនេះ ត្រូវបានក្លិប Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតចុះកិច្ចសន្យានាំយកមកកាន់ទឹកដីអាស៊ី កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដែលតាមព័ត៌៌មានរាយការណ៍រូបគេបានព្រមព្រៀងក្នុងកិច្ចសន្យា ២ឆ្នាំកន្លះជាមួយក្លិបក្នុងតម្លៃព្រមព្រៀងប្រមាណ ២០០លានអឺរ៉ូ និងត្រូវបានក្លិបប្រគល់ស្លាក Captain ឱ្យតែម្តង។
បច្ចុប្បន្ននេះក្លិប Al Nassr កំពុងឈរនៅតំណែងកំពូលតារាង មាន៣៧ពិន្ទុស្មើគ្នាជាមួយក្លិបលេខ២ Al Shabab៕