ព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ក្រោយពីដាក់កម្លាំងសមត្ថកិច្ចដាក់ប៉ារាស់ឆែកឆេរអាវុធជាតិផ្ទុះក្នុងក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ ជួន ណារិន្ទ ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីម៉ោងជិត ១២យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះតាមដងផ្លូវក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ រួចបានប្រគល់មកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្ត។
ជនសង្ស័យចំនួន២នាក់ ជាជនជាតិចិនបានឃាត់ខ្លួន រួមទាំងវត្ថុតាងរួមមានម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១ កញ្ចប់ កញ្ចប់រូបតុក្កតាសង្ស័យជាសារធាតុញៀនចំនួន ៣៥កញ្ចប់ ថ្នាំញៀនកញ្ចប់ពណ៌ក្រហមរូបសេះចំនួន ៦០កញ្ចប់ ថ្នាំញៀនកញ្ចប់ពណ៌ស្វាយរូបកណ្ដុរចំនួន ១៨កញ្ចប់ ថ្នាំញៀនរូបកាហ្វេពណ៌បៃតងចំនួន ១២កញ្ចប់ ថ្នាំញៀនរូបកាហ្វេពណ៌លឿងចំនួន ១៣កញ្ចប់ ថ្នាំញៀនរូបកាហ្វេពណ៌ឈាមជ្រូកចំនួន ១០កញ្ចប់ ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបផ្លែស្វាយចំនួន ៥កញ្ចប់ ថ្នាំញៀនពណ៌ឈាមជ្រូករូបព្រួញបីចំនួន ២កញ្ចប់ ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន៥ គ្រឿង ជញ្ជីងថ្លឹងចំនួន ២គ្រឿង និងរថយន្ត ១គ្រឿងម៉ាក Lexus GS 300 ពណ៌ស ស្លាកលេខ 2BK 4385 ។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕