ក្លិបអ្នកកាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាននៃគណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថានឹងបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជាដោយយល់ឃើញថាក្រុមពិភាក្សានេះពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មានជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀតដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឱ្យស្របតាមការវិវត្តន៍នៃយុគ្គសម័យឌីជីថល។
ក.អ.ក បានឱ្យដឹងថា ដើម្បីបន្តការងារនេះឱ្យរលូន និងឱ្យមានប្រសិទ្ធភាព គណៈកម្មាធិការនាយក ក៏នឹងបង្កើតគណៈកម្មការមួយទៀតដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធនិងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផង ដើម្បីសិក្សាលម្អិតនិងស៊ីជម្រៅមុននឹងឈានទៅបង្កើតឱ្យចេញជារូបរាងនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន។
ជាមួយគ្នានេះ ក.អ.ក នឹងបង្កើតវេទិការពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំជាលើកដំបូងនៅអំឡុងដើមខែមេសាខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិក សមាជិកា ក.អ.ក ប្រមាណជាង ៥០០នាក់ មកពី១៧២ស្ថាប័ន ដើម្បីសមាជិក សមាជិកា ក.អ.ក ទទួលបាននូវខ្លឹមសាររួមនៃក្រមសីលធម៌សារព័ត៌មាន និងជំរុញឱ្យមានការលើកម្ពស់គោរពក្រមសីលធម៌ដោយការទទួលខុសត្រូវខ្ពស់ ។
គួរឱ្យដឹងដែរថា កិច្ចប្រជុំពិនិត្យ និង ពិភាក្សានេះធ្វើឡើង យោងតាមសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ និងអនុសាសន៍របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ៕