អ៊ុយក្រែន៖ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈនេះថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk គប្បីជ្រើសរើសនៅជំហរណាមួយរវាងអ៊ុយក្រែន និងរុស្សី។ ការលើកឡើងនេះបន្ទាប់ពីក្រុមហ៊ុន SpaceX បានចេញមុខមកនិយាយថា ក្រុមហ៊ុនកំពុងមានវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អ៊ីនធឺណេត Starlink របស់ទីក្រុង Kyiv សម្រាប់ការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក។
លោកស្រី Gwynne Shotwell ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SpaceX បាននិយាយកាលពីថ្ងៃពុធថា សេវា Starlink ដែលបានផ្តល់ឱ្យអ៊ុយក្រែននូវទំនាក់ទំនងដ៏ធំទូលាយក្នុងការការពារខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី គឺមិនមែនមានន័យថាក្រុមហ៊ុន SpaceX ផ្តល់ឱ្យអ៊ុយក្រែននូវជំនួយ ឬការបំពាក់អាវុធឡើយ។
លោក Mykhailo Podolyak ទីប្រឹក្សាផ្នែកនយោបាយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានរិះគន់ការសម្រេចចិត្តនេះនៅលើ Twitter ផ្ទាល់តែម្តង ដែលលើបណ្តាញសង្គមនេះគឺជាក្រុមហ៊ុនមួយទៀតរបស់មហាសេដ្ឋី Elon Musk ដូចគ្នា។ លោក Podolyak សរសេរនៅលើ Twitter របស់លោកយ៉ាងដូច្នេះថា៖ "មួយឆ្នាំនៃការតស៊ូរបស់អ៊ុយក្រែន ដែលក្រុមហ៊ុនត្រូវសម្រេចចិត្តថា តើពួកគេនៅខាងអ៊ុយក្រែនដែលឈរលើសិទ្ធិសេរីភាព ឬពួកគេឈរនៅខាងរុស្សី ដែលមានគោលជំហរក្នុងការសម្លាប់រង្គាល និងដណ្តើមទឹកដី?" លោកបន្ថែមថា ក្រុមហ៊ុន SpaceX (Starlink) និងលោកស្រី Shotwell គួរសម្រេចជ្រើសជម្រើសណាមួយជាក់លាក់។
គួរបញ្ជាក់ថា យោធារបស់អ៊ុយក្រែនប្រើប្រាស់ឧបករណ៍ Starlink រាប់ពាន់គ្រឿងដើម្បីទំនាក់ទំនងក្នុងវិស័យការពារជាតិ ខណៈឧបករណ៍មួយចំនួនត្រូវបានផ្តល់ដោយក្រុមហ៊ុនដោយមិនគិតថ្លៃ។ ទោះបីជាសារសំខាន់នៃ Starlink ជាតម្រូវការចាំបាច់សម្រាប់ទីក្រុង Kiev ក៏ដោយ ក៏កន្លងមក លោក Podolyak បានរិះគន់ទៅកាន់លោក Elon Musk ជាច្រើនលើកច្រើនសារ ចាប់តាំងពីពេលដែលរុស្សីបានឈ្លានពានមកលើអ៊ុយក្រែន ជាពិសេសចំពោះមតិយោបល់របស់លោក Elon Musk ជាបន្តបន្ទាប់ពាក់់ព័ន្ធនឹងសង្គ្រាមរុស្សី-អ៊ុយក្រែន៕