
រដ្ឋមន្ត្រីអប់រំប្រាប់គ្រឹះស្ថានសិក្សាពង្រឹងការអនុវត្តវិន័យនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ពង្រឹងការអនុវត្តវិន័យសាលាឱ្យបានម៉ឺងម៉ាត់លើការអប់រំសីលធម៌ ពិសេសត្រូវតាមដានអវត្តមានរបស់សិស្សជាប្រចាំ។
ក្រសួងអប់រំចេញមកណែនាំដោយសារសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចនៅយល់ច្រឡំថាថ្ងៃ១៤កុម្ភៈគឺជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នា។ ក្រសួងអប់រំប្រាប់ទៅសិស្សានុសិស្សថា ថ្ងៃនោះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរនោះទេ។
ក្រសួងអប់រំណែសិស្សកុំភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
ដើម្បីទប់ស្កាត់បាតុភាពមិនប្រក្រតីកើតឡើងនៅថ្ងៃបុណ្យ Valentine’s Day ក្រសួងអប់រំបានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរព ទង់ជាតិកុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។
គ្រឹះស្ថានសិក្សាត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។ ទន្ទឹមនេះសាលាត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។
បុណ្យនៃសេចក្តីស្រឡាញ់ គឺជាពិធីបុណ្យដែលពលរដ្ឋទូទាំងពិភពលោកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយនៅថ្ងៃនោះពលរដ្ឋតែងតែទិញផ្កា ឬទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗបង្ហាញពីក្តីស្រឡាញ់ ជូនដល់មនុស្សដែលខ្លួនស្រឡាញ់ និងក្រុមគ្រួសារ។
តែយ៉ាងណាសេចក្តីស្រឡាញ់មិនមែនគ្រាន់តែអាចបង្ហាញតែសម្រាប់គូសង្សារនោះទេ ហើយធ្វើអ្វីភ្លើតភ្លើនខុសប្រពៃណីទំនៀមទម្លាប់ដែលនាំឱ្យបាត់បង់កិត្តិយសឡើយ ត្រូវគប្បីស្រឡាញ់មនុស្សដែលនៅជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារសាច់ញាតិ៕