
អគ្គស្នងការនគរបាលជាតិថាការរឹតបន្ដឹងច្បាប់ចរាចរណ៍១០ឆ្នាំចុងក្រោយនេះផ្ដល់ប្រយោជន៍ «យ៉ាងធំធេង» ដល់សង្គម
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤ ៥៦១នាក់ ស្មើនឹង៦២ភាគរយ នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធៀបជាមួយចំនួនប្រជាជន និងយានយន្ដ។
ក្នុងសេចក្ដីជូនដំណឹងអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានកាត់បន្ថយអត្រាស្លាប់ពីចំនួន ១៣,១នាក់ មកនៅត្រឹមចំនួន ១០,១នាក់ ក្នុងប្រជាជនចំនួន ១សែននាក់ និង កាត់បន្ថយអត្រាស្លាប់ពីចំនួន ១០នាក់ មកនៅត្រឹមចំនួន ២,៥នាក់ ក្នុងយានយន្តចំនួន ១ម៉ឺនគ្រឿង។
ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិក៏បានកែទម្រង់វិធីសាស្ត្រប្រតិបត្តិការឲ្យកាន់តែទំនើប ដោយទទួលបានការបំពាក់មធ្យោបាយបច្ចេកទេសប្រតិបត្តិការដូចជា ឧបករណ៍ត្រួតពិនិត្យល្បឿន ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង ឧបករណ៍ត្រួតពិនិត្យសារធាតុញៀន ឧបករណ៍ចេញបណ្ណពិន័យ និងដកពិន្ទុ ជាដើម ក្នុងគោលដៅធានាតម្លាភាព និងប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់ ផ្ដោតលើកត្តាបង្កគ្រោះថ្នាក់។
ជាមួយគ្នានេះដែរ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបំពេញកិច្ចការជាច្រើនដូចជា ការដោះស្រាយការកកស្ទះចរាចរណ៍ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការសង្គ្រោះជនរងគ្រោះការសម្រួលចរាចរណ៍ ឲ្យមានប្រក្រតីភាព ការរៀបចំសណ្តាប់ធ្នាប់លើទ្រូងផ្លូវ ការនាំក្បួនប្រតិភូ និងការពារសុវត្ថិភាពលើដងផ្លូវជូនអ្នកប្រើប្រាស់ផ្លូវ ហើយកងកម្លាំងទាំងអស់ត្រូវបានអប់រំជាប្រចាំ ក្នុងការបំពេញភារកិច្ច និងត្រូវបានធ្វើការត្រួតពិនិត្យជាប្រចាំពីអង្គភាព ហើយតែងតែឆ្លើយតបបំភ្លឺ រកការពិតជូនមតិយោបល់សាធារណជនតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងអនុវត្តចំណាត់ការច្បាស់លាស់ តាមវិន័យកងកម្លាំង និងច្បាប់ជាធរមាន ចំពោះមន្ត្រីខិលខូចប្រព្រឹត្តខុសឆ្គង និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការប្រឌិតព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ បង្ខូចកិត្តិយស ឬបង្កអស្ថេរភាពសង្គម។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានផ្តល់ «អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម» ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវ និងបង្កើតឲ្យមានបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ។
ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានការយោគយល់អាធ្យាស្រ័យ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នគ្រប់ពេល ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលនូវការចូលរួមមតិយោបល់ ក្នុងន័យស្ថាបនា និងបំបាត់អំពើអសកម្ម ដើម្បីកសាងកងកម្លាំងប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សំដៅធានាសម្រេចភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសង្គមជាតិ៕