ស៊ីរី៖ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញទារិកាទើបតែកើតជាប់ទងផ្ទិតម្តាយជាប់ក្នុងគំនរអគារបាក់បែកនៅទីក្រុង Jandairis នៃប្រទេសស៊ីរី នៅរស់រានមានជីវិត ខណៈឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលគឺសុទ្ធតែបានស្លាប់ក្នុងសោកនាដកម្មរញ្ជួយដី។
យោងតាមសារព័ត៌មាន RTBF ទារិកាដែលនៅរស់រានមានជីវិតតែម្នាក់គត់ក្នុងក្រុមគ្រួសារនោះត្រូវបានក្រុមអ្នកជួយសង្រ្គោះបានកាត់ទងផ្ចិតពីម្តាយរបស់គេដែលបានស្លាប់ក្រោមគំនរអគារបាក់បែកចំនួន ៤ជាន់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
កាលពីថ្ងៃចន្ទថ្ងៃដែលកើតហេតុដំបូង ក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសពឪពុកម្តាយ បងប្អូន ប្រុសស្រីចំនួន ៤នាក់ និងម្តាយមីងរបស់ទារិកាក្រោមគំនរអគារដែលរលំ។
យោងតាមវេជ្ជបណ្ឌិត ទារិកានោះទើបតែកើតបានតែ ៧ម៉ោងបន្ទាប់ពីរញ្ជួយដី ដោយទារិកានោះមានទម្ងន់ជាង ៣គីឡូក្រាម។
គិតមកដល់ពេលនេះ គ្រោះរញ្ជួយដីបានសម្លាប់មនុស្សជិត ៨៤០០នាក់ក្នុងប្រទេសតួកគី និងប្រទេសស៊ីរី ដោយប្រទេសតួកគីមានមនុស្សចំនួន ៥ ៨៩៤នាក់បានស្លាប់ និង ២ ៤៧០នាក់បានស្លាប់ក្នុងប្រទេសស៊ីរី ខណៈមនុស្សរាប់សែននាក់ទៀតកំពុងតែជាប់គាំងនៅក្នុងអាគារដែលរលំដោយសារគ្រោះធម្មជាតិមួយនេះ។
អង្គការសុខភាពពិភពលោកប៉ាន់ស្មានថាអ្នកស្លាប់នឹងកើនឡើងដល់ ២ម៉ឺននាក់។ ជាមួយគ្នានេះ WHO អះអាងថាគ្រោះធម្មជាតិនេះនឹងបង្កឱ្យមានប៉ះពាល់ដល់មនុស្សចំនួន ២៣លាននាក់។ តែយ៉ាង WHO សន្យាថានឹងជួយគាំទ្ររាល់តម្រូវការនានារបស់ប្រទេសទាំងពីរក្នុងរយៈពេលវែង៕