បន្ទាយមានជ័យ ៖ យុវជនវ័យ ២០ឆ្នាំម្នាក់ ដែលស៊ីឈ្នួលបើកគោយន្តកន្ត្រៃទៅកាប់ដើមរុក្ខា បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរ ខណៈត្រូវគោយន្តកន្ត្រៃបោកទៅខ្ទប់នឹងបង្គោលក្រាក់ វេលាម៉ោង៨នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចខាងកើតភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ុញ កឿ អាយុ ២០ឆ្នាំភេទប្រុស នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នូលបើកគោយន្តកន្ត្រៃទៅកាប់ដើមរុក្ខានៅចំការឈ្មោះ សង្ហា នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ។
នគរបាលដដែលបន្ថែមឱ្យដឹងថា ពេលគោយន្តឡើងភ្លឺស្រែពុំរួច ជនរងគ្រោះក៏តម្លើងរ៉ាគោយន្តពេលនោះដៃគោយន្ត បានបោកជនរងគ្រោះទៅខ្ទប់នឹងបង្គោលក្រាក់ បាក់ឆ្អឹងជំនីខាងស្តាំរងរបួសធ្ងន់ ហើយត្រូវបានយកមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំចង្ហា ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ក្រោយបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដោយសារអាការៈធ្ងន់ធ្ងរពេក៕