អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលី នឹងធ្វើការដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នៅចុងខែកុម្ភៈនេះ ដែលយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងនេះនឹងធ្វើឡើងចំពោះប្រជាជនទាំងអស់ដែលមានវ័យលើសពី១៨ឆ្នាំឡើងទៅ និងជាអ្នកដែលមិនទាន់ឆ្លងកូវីដ-១៩ ឬទើបបានទទួលវ៉ាក់សាំងកន្លងផុត ៦ខែ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី Mark Butler បានឱ្យដឹងនៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ។
លោក Butler បាននិយាយថា ការសម្រេចចិត្តនេះពង្រីកសិទ្ធិទទួលបាននូវវ៉ាក់សាំងដូសជំរុញចំពោះប្រជាជនប្រមាណជា ១៤លាននាក់ ដែលជាចំនួនលើសពីជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប ខណៈដែលប្រជាជនដែលនឹងទៅទទួលវ៉ាក់សាំងចុងខែនេះនឹងទទួលបានវ៉ាក់សាំងពិសេសដែលប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង។ បើតាមរដ្ឋមន្រ្តីសុខាភិបាលរូបនេះបានបញ្ជាក់ថា យុទ្ធនាការវ៉ាក់សាំងទំនងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈនេះតទៅ។
អូស្ត្រាលី ដែលស្ថិតក្នុងចំណោមប្រទេសដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ជាងគេបំផុត ពោលគឺប្រជាជនដែលមានវ័យលើសពី១៦ឆ្នាំនៅទូទាំងប្រទេសប្រមាណជា ៩៥ភាគរយបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ២ដូស។ អត្រានៃអ្នកទទួលបានវ៉ាក់សាំងខ្ពស់នេះ បានជួយឱ្យអូស្រ្តាលីរក្សាបានកម្រិតអ្នកឆ្លងកូវីដ-១៩ ទាបជាងគេ បើប្រៀបនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ផ្សេងៗទៀត។ យ៉ាងណាមិញ តួលេខនៃអ្នកដែលទទួលបានវ៉ាក់សាំងដូសជំរុញក្នុងប្រទេសអូស្រ្តាលីមានកម្រិតទាបនៅឡើយ ពោលបើតាមទិន្នន័យផ្លូវការពីរដ្ឋាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកទទួលវ៉ាក់សាំង ២ដូសចំនួន ៩៥ភាគរយនេះ មានប្រមាណត្រឹម ៧៥ភាគរយប៉ុណ្ណោះទទួលវ៉ាក់សាំងដូសទី៣ និងប្រមាណ ៤៤ភាគរយទទួលបានដូសទី៤។
លោក Butler បាននិយាយថា មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំនៅតែមានហានិភ័យខ្ពស់នៃស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារមេរោគកូវីដ-១៩នេះ ដូច្នេះហើយទើបបានជារដ្ឋាភិបាលជំរុញឱ្យពួកគេទទួលវ៉ាក់សាំងដូសជំរុញលើកទី៥។ លោកបន្ថែមថា ការចាប់ផ្តើមនៃយុទ្ធនាការវ៉ាក់សាំងដូសជំរុញទី៥ នឹងជួយដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើង ជាពិសេសបញ្ហារលកថ្មីនៃវីរុសកូវីដ-១៩ ដែលអាចកើតមានឡើងនាពេលអនាគត៕