ម៉ារ៉ុក៖ ក្លិបជើងឯកអាស៊ី Al Hilal បានទទួលជ័យជម្នះ ៣-២ ទៅលើក្លិបជើងឯកអាមេរិកខាងត្បូង Flamengo ដែលមានគ្នាត្រឹមតែ ១០នាក់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននៃពានរង្វាន់ FIFA Club World Cup។ ជ័យជម្នះរបស់ Al Hilal កើតមានឡើងដោយគ្រាប់បាល់ប៉េណាល់ទី២គ្រាប់របស់កីឡាករ Salem Al Dawsari និងមួយគ្រាប់ពីកីឡាករអាហ្សង់ទីន Luciano Vietto។
ការប្រកួតនេះនៅវគ្គទី១ Salem Al Dawsari បានបើកឆាកដោយគ្រាប់បាល់ ១១ម៉ែត្រនៅនាទីទី៤ មុនពេលដែលកីឡាករ Pedro របស់ Flamengo តាមស្មើនៅនាទីទី២០។ នៅចុងវគ្គទី១ទៅហើយ កំហុសបានកើតមានឡើងទៅលើខ្សែប្រយុទ្ធ Vietto របស់ Al Hilal រហូតដល់អាជ្ញាកណ្តាលពិនិត្យ និងសម្រេចផ្តល់កាតក្រហមចំពោះកីឡាករ Gerson និងផ្តល់ឱ្យនូវបាល់ ១១ម៉ែត្រម្តងទៀត ដែលធ្វើបានសម្រេចដោយ Salem Al Dawsari ដដែលនៅនាទីទី៤៥+៩។ ចូលមកដល់វគ្គទី២ Salem Al Dawsari បានបង្កើតឱកាស និងបញ្ជូនបាល់ទៅឱ្យមិត្តរួមក្រុម Luciano Vietto បន្ថែមគ្រាប់ទី៣ នៅនាទីទី៧០ មុនពេលដែលអ្នករកគ្រាប់ទី១ឱ្យ Flamengo តាមពីក្រោយមួយគ្រាប់វិញនៅនាទីទី៩០+១ ដែលគ្រប់គ្រាន់ល្មមនាំឱ្យ Al Hilal ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ក្រោយជ័យជម្នះនៅកីឡដ្ឋាន Ibn Batouta នេះ ក្លិប Al Hilal គឺជាក្រុមអារ៉ាប៊ីសាអូឌីតដំបូងគេបង្អស់ដែលឈានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup និងជាក្រុមអាស៊ីទី៣ បន្ទាប់ពី Kashima Antlers របស់ជប៉ុន និង Al Ain របស់អារ៉ាប់រួម។ កន្លងមក Al Hilal ធ្លាប់បានចូលរួមព្រឹត្តិការណ៍ក្លិបលំដាប់ពិភពលោកនេះចំនួន ២លើកដែរ ប៉ុន្តែបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះនៅឆ្នាំ២០១៩ និងឆ្នាំ២០២១។
Al Hilal នឹងត្រូវជួបក្រុមមួយដែលជាក្រុមឈ្នះក្នុងការប្រកួតរវាងក្លិប Al Ahly របស់អេហ្ស៊ីប ជួបជាមួយ Real Madrid របស់អេស្ប៉ាញ ដែលនឹងត្រូវប៉ះគ្នាវេលាម៉ោង ២ទាបភ្លឺយប់នេះ នាកីឡដ្ឋាន Prince Moulay Abdellah ខណៈការប្រកួតក៏នឹងធ្វើឡើងនៅកីឡដ្ឋាននេះដូចគ្នាដែលអាចផ្ទុកទស្សនិកជនបានចំនួន ៤៥,៨០០នាក់៕