ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនមានគម្រោងបង្កើតរោងចក្រធំមួយនៅកម្ពុជាដើម្បីកែច្នៃស្វាយចន្ទីនាំចេញទៅកាន់ទីផ្សារពិភពលោក

ភ្នំពេញ៖ កន្លងមកជប៉ុនបាននាំចេញស្វាយចន្ទីរបស់កម្ពុជាទៅទីផ្សារប្រទេសជប៉ុន។ ជប៉ុនក៏មានគម្រោងបង្កើតរោងចក្រធំមួយនៅកម្ពុជា ដោយផលិតគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនាំចេញទៅទីផ្សារពិភពលោក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបង្ហាញការលើកទឹកចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាកន្លងមក ពិសេសការនាំចេញស្វាយចន្ទីរបស់កម្ពុជាទៅទីផ្សារប្រទេសជប៉ុន។

ថ្លែងនៅក្នុងកិច្ចពិភាក្សាការងារជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌិត ទីណា បានលើកឡើងថា ទន្ទឹមនឹងការគំាទ្រលើគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា លោកបានណែនាំឱ្យក្រុមហ៊ុនគោរពតាមគោលការណ៍បរិស្ថាន កែច្នៃការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។

លោក ឌិត ទីណា ថ្លែងថា៖ «ការកែច្នៃសម្បកចន្ទីទៅជាឥន្ធនៈគឺជារឿងល្អមួយ ប៉ុន្តែក្រុមហ៊ុនគួរសិក្សាស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី»

ជាមួយគ្នានេះ លោកបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ JICA ដើម្បីទទួលបានពូជអង្ករ Japonica របស់ជប៉ុន មកដាំដុះនៅកម្ពុជាសម្រាប់ការនាំចេញ។

គូសបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនជំរុញការអភិវឌ្ឍផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម ដូចជាស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ។

បច្ចុប្បន្ននៅកម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះ ស្វាយចន្ទី រួមមានខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។

ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី ៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦តោន។

គិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន ១២៦.៤៤តោន។

ស្វាយចន្ទីគឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពល និងជាដំណាំអាទិភាព មួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ ខណៈបច្ចុប្បន្នស្វាយចន្ទីរបស់កម្ពុជាបានទាញយកចំណែកពីទីផ្សារអន្តរជាតិដូចជា សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក