ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីទេសចរណ៍ថានឹងប្រឹងទាក់ទាញទេសចរឱ្យបានយ៉ាងហោច ៨០ម៉ឺននាក់ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជាបានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញនេះជាលើកទី១ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ការទទួលស្វាគមន៍នេះរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ដែលមានភ្ញៀវទេសចរចិនចុះមកដល់នេះមានចំនួន១២៥នាក់ និងប្រតិបត្តិការហោះហើរធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនថា៖ «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ម៉ឺននាក់ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

លោក ថោង ខុន បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។

លោកបានបន្ថែមឱ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។

លោកថា៖ «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។

គួរឱ្យដឹងដែរថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥ ០០០នាក់ផងដែរ ដោយមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១ ៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន ១ ១៧៨ជើង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក