ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី០៧ ខែកុម្ភៈនេះនិយាយថា លោកនាយករដ្ឋមន្រ្តីថៃមានជំនឿចិត្តយ៉ាងមុតមាំថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរបរទេសលើសពី ៣០លាននាក់នៅក្នុងឆ្នាំ២០២៣ ដែលនឹងជាកត្តាលីករយ៉ាងសំខាន់ដើម្បីជម្រុញការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
អ្នកនាំពាក្យ លោក Anucha Burapachaisri ថ្លែងនៅក្នុងកិច្ចប្រជុំមួយថា នាយករដ្ឋមន្ត្រី Prayut Chan-o-cha បានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាជួយសម្រួលដល់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ជាពិសេសក្នុងការធ្វើដំណើរ និងការធានាសុវត្ថិភាពរបស់ពួកគេអំឡុងការស្នាក់នៅក្នុងប្រទេសថៃ។ លោកបន្តថា ដំបូងឡើយ រដ្ឋាភិបាលបានព្យាករណ៍ថានឹងមានភ្ញៀវទេសចរបរទេសជាង ២០លាននាក់នៅឆ្នាំនេះ ហើយក្រោយមកការព្យាករណ៍បានកើនឡើងដល់ប្រហែលជា ២៨លាននាក់ ខណៈលោកនាយករដ្ឋមន្រ្តីខ្លួនឯងផ្ទាល់បាននិយាយថា ចំនួននេះនឹងកើនឡើងលើសពី ៣០លាននាក់។
គួរបញ្ជាក់ថា ការណែនាំរបស់លោកនាយករដ្ឋមន្រ្តីថៃបានធ្វើឡើងក្រោយពេលដែលប្រទេសចិនបានបើកនូវច្រកព្រំដែនរបស់ខ្លួនទាំងអស់ឡើងវិញ ស្របពេលដែលវត្តមានភ្ញៀវទេសចរចិនចាប់ផ្តើមមានវត្តមាននៅបណ្តាប្រទេសជាគោលដៅទេសចរណ៍សំខាន់ៗនានាជុំវិញពិភពលោក។
គួររំលឹកថា កាលពីឆ្នាំ២០២២ ថៃបានបំបែកកំណត់ត្រារបស់ខ្លួនទទួលស្វាគមន៍ភ្ញៀវបរទេសបានប្រមាណជា ១១,៥លាននាក់ ដែលជាចំនួនដ៏ច្រើនសម្បើមបើប្រៀបនឹងឆ្នាំ២០២១ ដែលជាឆ្នាំផ្ទុះឡើងខ្លាំងនៃវីរុសកូវីដ-១៩ គេសង្កេតឃើញមានវត្តមានភ្ញៀវបរទេសមកកាន់ប្រទេសថៃប្រហែល ៤២៨,០០០នាក់ប៉ុណ្ណោះ។ ទិន្នន័យមុនពេលផ្ទុះឡើងនូវវិបត្តិសកលកូវីដ-១៩ ថៃធ្លាប់ទទួលបានភ្ញៀវទេសចរបរទេសប្រហែល ៤០លាននាក់ ក្នុងទំហំចំណាយសេដ្ឋកិច្ចប្រហែលជា ៥៦,៧ពាន់លានដុល្លារអាមេរិក៕