ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចទៅចិន សម្តេចតេជោ នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានសភាតំណាងប្រជាជនចិន លោក លី ជានស៊ូ។
ជាមួយគ្នានេះសម្តេចនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោទៅកាន់ប្រទេសចិនខាងមុខនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕