ជីដូនវ័យជាង៩០ឆ្នាំម្នាក់ត្រូវបានកូនចៅបោះបង់ចោលដែលស្ថិតក្នុងសភាពចាស់ជរាដើរមិនរួចជិះតែលើរទេះរុញ
ខេត្តព្រះសីហនុ៖ ជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល បច្ចុប្បន្នត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូបអាហារ បន្ទាប់ពីអាជ្ញាធរព្យាយាមទូរសព្ទ័តាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិមិនទទួលជោគជយ័ និងមិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។
នេះបើតាមការបញ្ជាក់ពីលោកចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោយជំនួបរកដំណោះស្រាយ ក្រោមវត្តមានលោកស្រី ប្រាក់ ចន្ទ័សុខា ក្នុងនាមសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្តនិងមន្ទីរអង្គភាពពាក់ពន្ធ័នៅសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សុំបញ្ជាក់ថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវ័យជាង ៩០ឆ្នាំនៅម្តុំឃ្លាំងលើ សង្កាត់លេខ១ ដែលដំបូងគេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះ ឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែរបណ្តោះអាសន្ននៅសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៍បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥ ខែកុម្ភៈ បន្តរហូតមកដល់យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ។
ទោះជាជីដូនរូបនេះអះអាងថា រូបជីដូនត្រូវកូនចៅបោះបង់ចោលឲ្យចេញពីផ្ទះយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរមិនទាន់កំណត់ថាជាដំណឹងពិត ឬបែបណានោះទេ ដោយនៅតែរង់ចាំដំណឹងពីកូនចៅ ឬសាច់ញាតិ បញ្ជាក់បន្ថែមហើយការរៀបចំយកជីដូនឲ្យទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែនិងប្រាក់ម្ហូបអាហារនោះ ក៏ដោយសារតែមិនទាន់ឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ៕