អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ឯកអគ្គរាជទូតថៃថ្មី ថាការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃមានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភា នៃប្រទេសកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីគាំទ្រគ្នា និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញតិ្ត នៃប្រទេសទំាងពីរ។

នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឲ្យ លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ដោយឯកអគ្គរាជទូតថៃបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក ឈើតគាត អាត់ថាកន បានគូសបញ្ជាក់ថា បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ ហើយលោកសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ ហើយទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ដោយក្នុងនោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកអគ្គរាជទូតរូបនេះសង្ឃឹមថា តាមរយៈបេសកកម្មការទូតនេះ លោកនឹងខិតខំ អនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះដែរ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករីយអំពីការរីកចម្រើនខាងសេដ្ឋកិច្ច វិនិយោគរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាបន្តបន្ទាប់ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរឱ្យដឹងដែលថា ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល៧២ឆ្នាំ ហើយលោក ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលថ្វាយសារតាំង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក