ភ្នំពេញ៖ តារាកំប្លែង នាយគ្រឿន បានចេញមុខមកសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសលើការសម្តែងយួរឆ្មាមួយក្បាលដែលជាប់ក្រឡៅក។
នាយគ្រឿនបានចេញមកសុំទោសបែបនេះ បន្ទាប់ពីមហាជនមួយចំនួនរិះគន់ ជាពិសេសអ្នកដែលស្រឡាញ់ និងចូលចិត្តសត្វឆ្មា។ នាយគ្រឿនបាននិយាយថា លោកបានសម្តែងសកម្មភាពយួរសត្វឆ្មាដែលជាប់ក្រឡៅក ដោយសារលោកគិតថាក្រឡៅករឆ្មាធំសមល្មមដែរ ហើយលោកយួរឆ្មាតែមួយភ្លែត ដោយស្មានថាវាមិនកើតអី។
នាយគ្រឿនបានសរសេរខ្លឹមសារសុំទោសដូច្នេះថា៖ «សូមទោសបងប្អូនខ្ញុំដឹងខុសហើយនៅការសំដែងលេងយួរឆ្មាភ្លេចខ្លួន នឹកឃើញថាក្រឡៅករឆ្មាធំដែរយួរមួយភ្លែតវាមិនអី។ បើម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬអោយខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម។
ក្រៅពីលោកសុំទោស លោកក៏អន់ចិត្តចំពោះមតិរបស់មហាជនមួយចំនួនដែលប្រមាថដល់ជីវិតរបស់លោក។ លោកថ្លែងដូច្នេះថា៖ «សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំ តែមិនអីទេខ្ញុំធ្វើបុណ្យបានខ្លះដែរ បើមានជាតិក្រោយសូមកើតជាសត្វទៅនៅភពផ្សេង»។
ម្ចាស់ផេកហ្វេសប៊ុក Pets Cambodia បានសរសេរខ្លឹមសារ និងបង្ហោះរូបបង្ហាញពីសកម្មភាពសម្តែងរបស់នាយគ្រឿនដោយមិនអាចទទួលយកបានឡើយនូវសកម្មភាពមួយនេះ។ Pets Cambodiaបានសរសេរថា៖ «គិតអីរាល់ថ្ងៃនឹង? ចង់ល្បី? ខ្លាចបាត់ឈ្មោះ? ខ្លាចគេភ្លេច? ឬចង់ល្បីដោយសារសត្វ? មនុស្សបើគិតឃើញតែ១ជ្រុងព្រោះតែខ្លួនចង់ល្បីចង់បានលុយពេកធ្វើរឿងដែលថោកទាបជារឿងកំប្លែងនោះគេមិនហៅថាមនុស្សទេ វាចូលលក្ខណៈថោកជាងសត្វទៅទៀត»។
ម្ចាស់ផេកហ្វេសប៊ុក Pets Cambodia បានណែនាំថា មុនការសម្តែងត្រូវតែគិតមុនគូរ។ ជាមួយគ្នានេះម្ចាស់ផេក ក៏បានលុបចេញនូវការផុសរិះគន់លើនាយគ្រឿនក្រោយពីតារាកំប្លែងរូបនោះបានចេញមុខសុំទោសជាសាធារណៈ៕