CAMSOC ផ្តល់ភាពកក់ក្តៅដល់សារព័ត៌មានអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយពីការខិតខំរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC/CAMAPGOC) បានពិភាក្សាពីភាពលម្អិត ដើម្បីត្រៀមផ្តល់ទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ ដល់សារព័ត៌មានអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយក្នុងអំឡុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា-មិថុនា ឆ្នាំ២០២៣។
អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC/CAMAPGOC លោក វ៉ាត់ ចំរើន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលប្រតិបត្តិការកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោថា ចាប់ពីខែមីនា ឆ្នាំ២០២៣ តទៅនឹងចាប់ផ្តើមរៀបចំទីតាំង ការទទួលចុះឈ្មោះអ្នកសារព័ត៌មាន និងការធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ។
លោកបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងទទួលបដិសណ្ឋារកិច្ចជូនដល់អ្នកសារព័ត៌មានអន្តរជាតិរាប់រយនាក់ ជាមួយនឹងការផ្តល់នូវមធ្យោបាយផ្សេងៗទៀត ប្រកបដោយភាពកក់ក្តៅ។
លោកបានឱ្យដឹងទៀតថា CAMSOC នឹងខិតខំលើកទឹកចិត្តក្នុងគោលដៅឱ្យអ្នកសារព័ត៌មានអន្តរជាតិមានភាពកក់ក្តៅ ក្នុងការលើកកម្ពស់ដល់ការផ្សព្វផ្សាយ ទៅកាន់ពិភពលោកពីភាពវិជ្ជមាន ការខិតខំប្រឹងប្រែងរបស់កម្ពុជានៃមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាពិសេសគឺសមិទ្ធផលដ៏អស្ចារ្យ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមសន្តិភាព និងការអភិវឌ្ឍ នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តរៀបចំស៊ីហ្គេម ដូចជា ខេត្តសៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍ពិសេសៗរបស់កម្ពុជាផងដែរ។
លោក វ៉ាត់ ចំរើន បញ្ចាក់ថា៖ «សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ពីតថភាពនូវអ្វីជាសច្ចៈភាពរបស់កម្ពុជា នាពេលបច្ចុប្បន្នទៅកាន់ពិភពលោក ដោយប្រជាជននៅលើពិភពលោកកំពុងតែត្រៀមផ្តោតចក្ខុមកកាន់កម្ពុជា តាមរយៈព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ ៦៤ឆ្នាំ» ។
គួរឱ្យដឹងដែរថា កម្ពុជានឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕