តួកគី៖ ក្នុងហេតុការណ៍រញ្ជួយដីនៅតួកគី និងស៊ីរី មានអ្នកស្លាប់កើនឡើងជាង ៤ពាន់នាក់ ដោយអ្នកស្លាប់ក្នុងប្រទេសតួកគីមានចំនួនជិត៣ពាន់នាក់ ខណៈប្រទេសស៊ីរីមានជាង ១ពាន់នាក់។
យោងតាមសារព័ត៌មាន The Guardien ចំនួនប្រជាជននៃខេត្តចំនួន១០ នៅភាគខាងត្បូងប្រទេសតួកគីរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីមានប្រជាជនចំនួន ១៣,៥លាននាក់ ហើយអគារជាង ៥៦០០ បានដួលរលំ។
ចំនួនអ្នកស្លាប់ត្រូវបានអង្គការសុខភាពពិភពលោកព្យាករណ៍ថានឹងកើនឡើងដល់ ២ម៉ឺននាក់ដែលនៅជាប់នៅក្នុងគំនរអគារនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែកំពុងដំណើរការនៅទូទាំងតំបន់។
ក្រុមរុករក និងជួយសង្គ្រោះជាង ១០ក្រុមមកពីសហភាពអឺរ៉ុបត្រូវបានចល័តបន្ទាប់ពីមានការរញ្ជួយដីដ៏ធំដែលបានវាយប្រហារប្រទេសតួកគី។ នេះបើតាមអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីស្រាអែល រុស្ស៊ី និងចិន ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលបានផ្តល់ជំនួយជាសាធារណៈ។
ការរញ្ជួយដីលើកដំបូងបានវាយប្រហារនៅពេលដែលមនុស្សដេកលក់ ហើយមានកម្រិត ៧.៩រ៉ិចទ័រ ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតមួយនៅក្នុងតំបន់ក្នុងរយៈពេលយ៉ាងហោចណាស់មួយសតវត្ស៕