ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គ.ជ.ប ប្រកាសពីលទ្ធផលលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកដែលទើបតែបង្កើតថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការនូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយរួចមក។

ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតនេះ បានប្រព្រឹត្តទៅ ជាសាធារណៈ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីតំណាងគណបក្ស នយោបាយទាំង៣ នៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធ។

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុងថ្មីគឺ «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងនោះគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដោយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២ និងគណបក្សភ្លើងទៀនទទួលបានលេខរៀងទី៣។

រដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ។ ក្នុងនោះគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដោយគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានលេខរៀងទី១ គណបក្សភ្លើងទៀនទទួលបានលេខរៀងទី២ និងគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី៣។

ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យបំបែកជា២ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ សម្រាប់លំដាប់លេខរៀងគណបក្សនយោបាយដែលមាននៅលើសន្លឹកឆ្នោត ក្នុងនោះមានគណបក្ស ភ្លើងទៀនទទួលបានលេខរៀងទី១ គណបក្សហ្វ៊ុនស៊ុនប៉ិច ទទួលបានលេខរៀងទី២ និងគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី៣។ សម្រាប់ស្រុកសាមគ្គីមុនីជ័យ មានគណបក្សហ្វ៊ុនស៊ុនប៉ិច ទទួលបានលេខរៀងទី១ គណបក្សភ្លើងទៀន ទទួលបានលេខរៀងទី២ និងគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី៣។

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ក្នុងនោះគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តក្រចេះបានកំណត់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតរួមមាន គណបក្សភ្លើងទៀន ទទួលបានលេខរៀងទី១ គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី២ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៣។

សូមបញ្ជាក់ថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក