ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន បានធ្វើការបកស្រាយបំភ្លឺចំពោះអត្ថបទរបស់សារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA ដែលបានចុះផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពី «អន្ទាក់បំណុល»” ដែលថាជាការផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ។
លោក អាន សុខឿន បានឱ្យដឹងថា VOA បានផ្សាយព័ត៌មានថា ទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយធ្វើឡើង «ដោយសំឡឹងមើលកម្ចី….ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន…..» ដែលនេះជាព័ត៌មានខុសពីការពិត។
លោកបញ្ជាក់ថា៖ «ដោយការពិតគឺ គម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។ គម្រោងនេះគឺបើកផ្លូវជូនដល់ការវិនិយោគក្នុងរូបភាព BOT (Build, Operate and Transfer)»។
លោកបានបន្តឱ្យដឹងទៀតថា របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ ដើម្បីបម្រើនយោបាយ ដោយពុំមានលក្ខណៈវិជ្ជាជីវៈ ព្រោះអ្នករាយការណ៍ VOA ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានរបស់ខ្លួន ដែលនេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត ដែលបង្ហាញពី «គុណភាពទាប» របស់អ្នកសារព័ត៌មាន VOA ហើយជាការបំភាន់សាធារណមតិ ក្រោមហេតុផលនយោបាយ ព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនា តែម្តង។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កន្លងមកសម្តេចតេជោ និងរដ្ឋមន្ត្រីផ្សេងៗបានផ្តល់ការពន្យល់ជាច្រើនលើក ច្រើនសារ ចំពោះគម្រោងនេះ ហើយរដ្ឋាភិបាលពុំមានបំណងខ្ចីប្រាក់ពីបរទេសឱ្យច្រើនលើសលុបទេ។ រាជរដ្ឋាភិបាលមានភាពម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងបំណុលបរទេស និងផ្តល់អាទិភាពសម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់និងចាំបាច់ ដូចជាផ្លូវថ្នល់។
លោក អាន សុខឿន គូសបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍រាល់ការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT (Build, Operate and Transfer)» ខណៈអ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយ ដោយចេតនា ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់នយោបាយកខ្វក់ (dirty politics) ចំពោះ ទំនាក់ទំនងកម្ពុជា-ចិន៕