ភ្នំពេញ៖ កម្ពុជាបានបន្តបញ្ជូនកងកម្លាំងវិស្វកម្មលេខ៨២៧ ដែលជាកងកម្លាំងប្តូរវេនចំនួន ២១៦នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។ កងកម្លាំងមួកខៀវកម្ពុជាទាំងនេះ បានចេញដំណើរនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងពិធីជូនដំណើរ និងទទួលកងទ័ពមួកខៀវកម្ពុជានេះមានការចូលរួមពី សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លោក សែម សុវណ្ណនី បានថ្លែងថាបេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១៣ ហើយកងវិស្វកម្មលេខ៨២៩ គឺជាកងទី១២ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
លោកបន្ថែមថា ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
លោកបានក្រើនរម្លឹកដល់កងកម្លាំងត្រូវប្តូរវេនទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគួរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។
ជាមួយគ្នានេះដែរ លោក សែម សុវណ្ណី បានបង្ហាញការរីករាយចំពោះកងកម្លាំងកម្ពុជា ដែលបានបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅប្រទេសមជ្ឈឹមបូព៌ា ដែលមានសីតុណ្ហភាពក្រោមសូន្យអស្សាខុសគ្នាពីប្រទេសកម្ពុជា និងជាតំបន់សម្បូរទៅដោយភ្នំ រងសម្ពាធវិបត្តិសេដ្ឋកិច្ច កម្លោះព្រំដែនរវាងប្រទេសអ៉ីស្រាអែល ទន្ទឹមនឹងការឃ្លាតឆ្ងាយពីគ្រួសារ ដែលទាំងនេះពិតជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់កងទ័ពកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង៨ពាន់ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ហើយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន និងលេខ១២ ក្នុងចំណោមប្រទេសទាំងអស់ដែលបញ្ជូនកងទ័ពមួកខៀវទៅតាមបណ្តាប្រទេសនានាលើពិភពលោក។
គួរឱ្យដឹងដែរថា បច្ចុប្បន្នកងកម្លាំងយោធាមួកខៀវកម្ពុជា ជាង៨០០នាក់ បាននឹងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋ និងអាហ្វ្រិកកណ្តាល ហើយនៅរាត្រីថ្ងៃដដែល កងកម្លាំងវិស្វកម្មលេខ៨២៩ ក៏បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ ដ៏ជោគជ័យ និងនាំកិត្យានុភាពជូនជាតិ៕