ចាប់បានជនសង្ស័យដែលកាប់សម្លាប់បុរសម្នាក់ស្ទើរតែដាច់កចេញពីក្បាលនៅក្នុងខណ្ឌដង្កោកាលពីចុងឆ្នាំ២០២២
ភ្នំពេញ៖ អាជ្ញាធរបានបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់ដោយអាករនៅក្នុងខណ្ឌដង្កោកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News ថាកាលពីព្រឹកថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២នាក់ដែលពាក់ព័ន្ធនឹងករណីឃាតកម្មមួយនេះ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានប្រាប់ឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំងពីរនាក់នោះជាប្តីប្រពន្ធនឹងគ្នា ហើយប្រពន្ធជនដៃដល់គឺជាបងប្អូនជីដូនមួយជនរងគ្រោះ។ លោកប្រាប់ថា ដើមហេតុដែលនាំឱ្យកើតមាននូវឃាតកម្មនេះគឺដោយសារតែជនដៃដល់ខឹងនឹងប្រពន្ធដែលលួចលាក់ស្រឡាញ់គ្នាជាមួយជនរងគ្រោះដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ទើបឈានដល់មានគម្រោងផែនការចាក់សម្លាប់ជនរងគ្រោះ។
អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបាននិយាយថា បុរសជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានចាក់សម្លាប់ដោយអាករជនរងគ្រោះឱ្យស្លាប់ដោយថ្លុកឈាមនៅទីតាំងលាងរថយន្តដែលគេទុកចោលមួយកន្លែងស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ពិតប្រាកដមែន។
បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនិតីវិធីច្បាប់។ ជនដៃដល់ដែលកម្លាំងជំនាញ ចាប់ខ្លួនបានឈ្មោះ ពេជ្រ ជីវ័ន្ត និងប្រពន្ធឈ្មោះ ដា យ៉ា៕