អ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយក្រែន គ្រោងនឹងជំនួងតំណែងរដ្ឋមន្រ្តីការពារជាតិ ដោយដកតំណែងលោក Oleksii Reznikov ពីរដ្ឋមន្រ្តីការពារជាតិជំនួសវិញដោយប្រធានទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែនវិញ ដោយប្រភពស្និទ្ធទៅនឹងលោកប្រធានាធិបតី Volodymyr Zelenskyy បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលនេះជាការរុះរើក្បាលម៉ាស៊ីនដឹកនាំថ្មីនៃរដ្ឋាភិបាល អំឡុងយុទ្ធនាការសង្គ្រាមរបស់អ៊ុយក្រែនទល់នឹងរុស្សី។
លោក David Arakhamia សមាជិកសភាជាន់ខ្ពស់ បាននិយាយថាលោក Oleksii Reznikov នឹងត្រូវបានផ្ទេរទៅបម្រើការងាររដ្ឋមន្ត្រីមួយផ្សេងទៀត ហើយជំនួសដោយលោក Kyrylo Budanov ជាប្រធានទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន GUR។ លោក Arakhamia បានថ្លែងថា នៅក្នុងអំឡុងពេលប្រទេសមានសង្គ្រាម ភ្នាក់ងារកងកម្លាំងរបស់អ៊ុយក្រែន ដូចជាក្រសួងការពារជាតិជាដើម មិនគួរត្រូវបានដឹកនាំដោយអ្នកនយោបាយឡើយ ប៉ុន្តែគួរតែត្រូវបានដឹកនាំដោយអ្នកដែលមានបទពិសោធន៍ក្នុងវិស័យការពារជាតិ ឬសន្តិសុខ។
លោក David Arakhamia បញ្ជាក់ថា លោក Oleksii Reznikov ទំនងជានឹងអាចត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ។ គួរបញ្ជាក់ថា លោក Oleksii Reznikov គឺជាមេធាវី និងជាអ្នកនយោបាយអ៊ុយក្រែន ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ មុនកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ លោកធ្លាប់តែងតាំងក្នុងតួនាទីកំពូលៗមួយចំនួនដូចជាឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីទទួលបន្ទុកការធ្វើសមាហរណកម្មនៃទឹកដីកាន់កាប់បណ្តោះអាសន្នរបស់អ៊ុយក្រែន ជាដើម។
លោក Reznikov ដែលបាននិយាយកាលពីថ្ងៃអាទិត្យថាការសម្រេចចិត្តណាមួយលើការរុះរើក្បាលម៉ាស៊ីនរដ្ឋាភិបាលគឺអាស្រ័យលើលោកប្រធានាធិបតី Zelenskyy ហើយលោកបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអនឡាញ Fakty ICTV របស់អ៊ុយក្រែននាល្ងាចថ្ងៃអាទិត្យម្សិលមិញថាការផ្ទេរទៅក្រសួងថ្មីគឺជាព័ត៌មានសម្រាប់គាត់៕