កូឡុំប៊ី៖ រយៈពេលមួយថ្ងៃប៉ុណ្ណោះមុនពេលដែលយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់នូវបាឡុងមួយគ្រឿង ដែលសង្ស័យជាឧបករណ៍ចារកម្មរបស់ចិន យោធាកូឡុំប៊ីឯណោះវិញក៏បានបញ្ជាក់ពីការប្រទះឃើញនូវវត្ថុម្យ៉ាងដែលស្រដៀងទៅនឹងបាឡុងដែលគេប្រទះឃើញនៅទឹកដីសហរដ្ឋអាមេរិកនោះដែរ ដែលកូឡុំប៊ីបានបញ្ជាក់ថាឃើញហោះអណ្ដែតលើទឹកដីរបស់ខ្លួនផងដែរ។
កងកម្លាំងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសៅរ៍ថា វត្ថុម្យ៉ាងដែលអាចជាបាឡុងត្រូវបានគេប្រទះឃើញដោយប្រព័ន្ធការពារដែនអាកាសកាលពីព្រឹកថ្ងៃសុក្រកន្លងទៅ។ ការប្រកាសនេះក៏ស្រដៀងគ្នានឹងការបញ្ជាក់របស់កងកម្លាំងអាកាសអាមេរិក ក៏ធ្លាប់បានបញ្ជាក់ផងដែរថាបាឡុងរបស់ចិនដែលខ្លួនបានបាញ់ទម្លាក់នោះ ក៏ធ្លាប់ត្រូវបានគេប្រទះឃើញនៅលើតំបន់អាមេរិកឡាទីនផងដែរ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថានៅតំបន់ណានោះឡើយ។
យ៉ាងណាក្តី រដ្ឋាភិបាលកូឡុំប៊ីមិនបានបញ្ជាក់ច្បាស់ឡើយថា តើវត្ថុដែលស្រដៀងបាឡុងនោះជារបស់ចិន ឬក៏មានប្រភពមកពីណានោះទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេសកូឡុំប៊ី "វត្ថុ" ដែលត្រូវបានគេប្រទះឃើញនោះស្ថិតនៅលើទឹកដីរបស់ខ្លួនក្នុងរយៈកម្ពស់ ៥៥,០០០ហ្វ៉ីត ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសអាមេរិកខាងត្បូងទៅភាគខាងជើងដោយផ្លាស់ទីក្នុងល្បឿនជាមធ្យម២៥ knots ឬប្រហែល ២៩ម៉ាយក្នុងមួយម៉ោង។ ក្រៅពីនេះ មិនមានការបញ្ជាក់ណាមួយផ្សេងពីការប្រទះឃើញវត្ថុចម្លែកហោះក្នុងដែនអាកាសរបស់បណ្តាប្រទេសអាមេរិកខាងត្បូងដទៃទៀតឡើយ។ ប៉ុន្តែមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក្នុងប្រទេសកូស្តារីកា និងវេណេហ្ស៊ុយអេឡា បានចែកចាយរូបភាពមួយចំនួនតៗគ្នាអំពីវត្តមានវត្ថុដែលស្រដៀងបាឡុងហោះហើរលើផ្ទៃមេឃកាលពីថ្ងៃព្រហស្បត៍។
វេណេហ្ស៊ុយអេឡាដែលជាសម្ព័ន្ធមិត្តរបស់ចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបាញ់ទម្លាក់បាឡុងនោះ៕