ឥណ្ឌា៖ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា បានជួបពិភាក្សាការងារទ្វេភាគី និងសម្រេចចុះហត្ថលេខាលើ
ឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមេទ័ពជើងគោកកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមេទ័ពជើងគោកឥណ្ឌា នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) នៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។
នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ រួមជាមួយនឹងការអរគុណចំពោះភាគីមិត្តឥណ្ឌា ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា ជាពិសេសលើការកសាងសមត្ថភាពតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនលើមុខជំនាញជាច្រើន។
ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ហើយព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀត។
គួរឲ្យដឹងដែរថា ការធ្វើទស្សនកិច្ចទៅប្រទេសឥណ្ឌារបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ជីរីដា អារ៉ាម៉ានី (Giridhar Aramane) អគ្គលេខាធិការនៃក្រសួងការពារជាតិឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។
ក្នុងជំនួបនេះ ឯកឧត្តម ជីរីដា អារ៉ាម៉ានី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសឥណ្ឌា ស្របពេលដែលចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ឥណ្ឌា បានរក្សានូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យក៏កំពុងមានវឌ្ឍនភាពរីកចម្រើនជាលំដាប់គួរឱ្យកត់សម្គាល់ ជាពិសេសទំនាក់ទំនងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងបន្តរហូតមកដល់ផ្នែកយោធា។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលពិតជាបានស្តែងឱ្យឃើញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សាចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងមានកម្រិតខ្ពស់ឡើង ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង ឯកឧត្តម អគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយោធាទ្វេភាគី ដែលបានបោះជំហានរីកចម្រើនទៅមុខ ដោយសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ហើយក៏បានបង្កលក្ខណៈដល់ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងមានកម្រិតខ្ពស់ឡើងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ ដូចដែលស្តើងឡើងតាមរយៈគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាគោលបំណងរួម។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម អនុប្រធានាធិបតីឥណ្ឌា និង ឯកឧត្តម នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបពិភាក្សាជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ កន្លងទៅដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរ។
លោក ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងអគ្គលេខាធិការនៃក្រសួងការពារជាតិឥណ្ឌា លោក ជីរីដា អារ៉ាម៉ានី (Giridhar Aramane) ផងដែ។ ក្នុងជំនួបនេះលោក ជីរីដា អារ៉ាម៉ានី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសឥណ្ឌា ស្របពេលដែលចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ឥណ្ឌា បានរក្សានូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យក៏កំពុងមានវឌ្ឍនភាពរីកចម្រើនជាលំដាប់គួរឱ្យកត់សម្គាល់ ជាពិសេសទំនាក់ទំនងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងបន្តរហូតមកដល់ផ្នែកយោធា។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលពិតជាបានស្តែងឱ្យឃើញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សាចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងមានកម្រិតខ្ពស់ឡើង ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។
ក្នុងឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង អគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយោធាទ្វេភាគី ដែលបានបោះជំហានរីកចម្រើនទៅមុខ ដោយសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ហើយក៏បានបង្កលក្ខណៈដល់ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងមានកម្រិតខ្ពស់ឡើងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ ដូចដែលស្តើងឡើងតាមរយៈគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាគោលបំណងរួម៕