ម៉ារ៉ុក៖ ជ័យជម្នះ ១-០ ចុងម៉ោងសម្រាប់ក្លិបអេហ្ស៊ីប Al Ahly ទល់នឹងក្លិប Seattle Sounders ក្នុងការប្រកួតជុំទីពីរនៃពានរង្វាន់ FIFA Club World ២០២២ នាទឹកដីម៉ារ៉ុកកាលពីយប់មិញ និងជួយឱ្យក្លិបខ្លាំងរបស់ទ្វីបអាហ្វ្រិកមួយនេះ ឈានទៅជួប Real Madrid នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
មួយគ្រាប់ចុងម៉ោងនាទីទី៨៨ ពីកីឡាករ Mohamed Afsha ជួយឱ្យក្លិប Ah Ahly សម្រេចក្ដីស្រមៃជួបជាមួយជើងឯកទ្វីបអឺរ៉ុប UEFA Champions League នាវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។
Al Ahly ដែលបង្ហាញខ្លួនជាលើកទី៨ ក្នុងព្រឹត្តិការណ៍ក្លិបអាជីពកម្រិតពិភពលោក នឹងត្រូវជួបជាមួយ Real Madrid នាទីក្រុង Rabat នាថ្ងៃពុធនេះ ខណៈការប្រកួតវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រមួយគូទៀតគឺជើងឯកទ្វីបអាស៊ី Al Hilal ជួបជាមួយក្លិបជើងឯកទ្វីបអាមេរិកខាងត្បូង Flamengo ធ្វើឡើងនៅថ្ងៃអង្គារនេះ។ ការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន FIFA Club World Cup របស់ Al Hilal ក្រោយពីក្លិបជើងឯកអាស៊ីមួយនេះ ទម្លាក់ក្រុមម្ចាស់ផ្ទះ Wydad Casablanca ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផល ១-១។
លទ្ធផលនេះធ្វើឱ្យក្លិប Seattle ហាក់ខកចិត្តក្នុងការបង្ហាញខ្លួនលើកដំបូងនាព្រឹត្តិការណ៍ FIFA Club World Cup ក្នុងនាមជាក្រុមដំបូងនៃក្របខណ្ឌ Major League Soccer របស់អាមេរិក ខណៈបច្ចុប្បន្នក្លិបអាមេរិកមួយនេះកំពុងស្ថិតក្នុងអំឡុងព្រឹត្តិការណ៍កំដៅសាច់ដុំ Pre Season នៅឡើយ មុនលីគកំពូលអាមេរិកចាប់ផ្តើមនៅចុងខែកុម្ភៈនេះ៕