សហរដ្ឋអាមេរិក៖ យន្តហោះចម្បាំងយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងដែលសង្ស័យថាជាឧបករណ៍ចារកម្មរបស់ចិន ខណៈវាអណ្តែតចេញពីឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈម្សិលមិញនេះ។
លោក Biden បាននិយាយថា លោកបានចេញបញ្ជាកាលពីថ្ងៃពុធ ដើម្បីបាញ់ទម្លាក់បាឡុងនេះ ប៉ុន្តែមន្ទីរបញ្ចកោណបានផ្តល់អនុសាសន៍ឱ្យរង់ចាំរហូតដល់បាឡុងនេះធ្វើដំណើរអណ្តែតទៅដល់លើផ្ទៃទឹក ដើម្បីការពារជនស៊ីវិលពីកំទេចកំទីដែលបានធ្លាក់មកផែនដី និងពីចម្ងាយរាប់ពាន់ម៉ែត្រលើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម។
យន្តហោះចម្បាំងជាច្រើនគ្រឿង ត្រូវបានបង្គាប់ឱ្យចូលរួមក្នុងបេសកកម្មនេះ និងចុងក្រោយយន្តហោះចម្បាំងប្រភេទ F-22 មកពីមូលដ្ឋានទ័ពអាកាស Langley ក្នុងរដ្ឋ Virginia បានបាញ់កំទេចនៅវេលាម៉ោងប្រហែល ២រសៀល ដោយគ្រាប់ប្រភេទ AIM-9X តែមួយគ្រាប់ប៉ុណ្ណោះ។ ក្រុមមន្ត្រីបាននិយាយថា បាឡុងហោះនេះត្រូវបានបាញ់ទម្លាក់ក្នុងចម្ងាយប្រហែល ៦ម៉ាយប៉ុណ្ណោះពីឆ្នេរសមុទ្រអាមេរិក ពោលគឺធ្លាក់លើទឹករាក់ដែលអាចជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះធាតុសំខាន់ៗនៃឧបករណ៍ឃ្លាំមើលរបស់ចិន ក្នុងចំណោមកំទេចកំទីដែលធ្លាក់ចុះក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការបាញ់ប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាឱ្យផ្អាកជើងហោះហើរចេញ និងចូលអាកាសយានដ្ឋានក្នុងរដ្ឋ South Carolina ចំនួនបីគឺ អាកាសយានដ្ឋាន Wilmington, Myrtle Beach និង Charleston ដោយសហរដ្ឋអាមេរិកបានហៅប្រតិបត្តិការនោះថាជា "កិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខជាតិ" ខណៈការហោះហើរត្រូវបានអនុញ្ញតឡើងវិញនៅរសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា ដំបូងបង្អស់បាឡុងនេះបានហោះចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ មករា មុនពេលផ្លាស់ទីចូលទៅក្នុងដែនអាកាសកាណាដានៅថ្ងៃច័ន្ទ ទី៣០ ខែមករា។ បន្ទាប់មកវាបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកម្តងទៀតនៅថ្ងៃទី៣១ ខែមករា។ មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា នៅពេលដែលវាឆ្លងកាត់ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក វាមិនត្រលប់មកដែនទឹកចំហរវិញទេ ដែលធ្វើឱ្យការព្យាយាមបាញ់ទម្លាក់បាឡុងនោះមានការលំបាក។
គួរបញ្ជាក់ថា អាជ្ញាធរអាមេរិកមិនបានប្រកាសពីវត្តមានបាឡុងចិននេះភ្លាមៗទេ ដោយរង់ចាំរហូតដល់ថ្ងៃព្រហស្បតិ៍ទើបមានការប្រកាសជាសាធារណៈនូវដំណឹងនេះ។ មន្រ្តីអាមេរិកបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថានេះគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ហើយក៏បានជូនដំណឹងដល់ទីក្រុងប៉េកាំងអំពីការបាញ់ទម្លាក់បាឡុងនេះកាលពីថ្ងៃសៅរ៍កន្លងទៅ៕