ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថាមានប្រតិកម្មជាច្រើនពាក់ព័ន្ធនឹងរឿងរ៉ាវគុនខ្មែរ ក្រោយពេលដែលកីឡាករ ប៊ួខាវ បានចាមេក និយាយប៉ះពាល់ដល់គុនខ្មែរ ដោយប្រៀបធៀបក្បាច់គុនបុរាណខ្មែរនេះជាមួយក្បាច់គុនមួយរបស់ថៃ។
ចុងក្រោយបង្អស់ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន កីឡាករ ប៊ួខាវ ក៏បានទម្លាយពីបញ្ហមួយដែលនាំឱ្យមានការវែកញែកបន្ថែមទៀតពោលគឺទៅលើលុយចំនួន ២,២លានបាតដែលខ្លួនព្រមព្រៀងក្នុងការមកប្រកួតនៅក្នុងកម្មវិធីមួយនៅកម្ពុជាកន្លងមកគឺកម្មវិធី World Fight ក៏នៅមិនទាន់ទទួលបាននៅឡើយ។ ក្រោយការបង្ហោះនេះក៏នាំឱ្យមានការចោទជាសំណួរជុំវិញបញ្ហាខាងលើ ជាពិសេសការទម្លាក់សំណួរទៅកាន់ស្ថាប័នផ្សព្វផ្សាយមួយដ៏ធំរបស់កម្ពុជាគឺស្ថានីយ៍ទូរទស្សន៍បាយ័ន ជុំវិញតម្លៃនេះត្បិតគេសង្កេតឃើញថា កន្លងមកព្រឹត្តិការណ៍ World Fight ទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងស្តាតចាស់ ស្ថានីយ៍ដ៏ធំរបស់កម្ពុជាមួយនេះជាអ្នកទទួលបានសិទ្ធិផ្សាយផ្ទាល់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ បើតាមលោក នាង ស៊ីវុត្ថា ផលិតករ និងជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានចេញមកបកស្រាយនៅលើបណ្តាញសង្គមលោកដោយផ្ទាល់ថា៖ "សុំបញ្ជាក់ជូនបងប្អូនជនរួមជាតិ និងអ្នកស្នេហាគុនខ្មែរអោយបានជ្រាប(បញ្ជៀសការយល់ច្រឡំ) -រាល់បំណុលទាំងឡាយរបស់កម្មវិធី World Fight កន្លងមកនេះ(មិនមានពាក់ព័ន្ធជាមួយទូរទស្សន៍បាយ័នទេ) មិនមែនបាយ័នជាអ្នកផលិតទេ (ទូរទស្សន៍) បាយ័នមានតួនាទីជួលម៉ោង Live តែប៉ុណ្ណោះ ដោយឡែក៧កម្មវិធី (ប្រដាល់) ក្នុងដៃកំពុងរលូនរាល់សប្តាហ៍ គឺជាការទទួលខុសត្រូវរបស់បាយ័ន"។ បន្ថែមពីលើនេះ លោកបញ្ជាក់ថាមូលហេតុដែលបាយ័រួមចំណែកក្នុងការផ្សាយផ្ទាល់កម្មវិធីនេះ ត្បិតបាយ័នសម្លឹងឃើញថាកម្មវិធី World Fight មានចំណុចលើកស្ទួយគុនខ្មែរ និងទិសដៅ Seagame នាពេលខាងមុខដែរ ទើបទូរទស្សន៍បាយ័នឯកភាពក្នុងការផ្សាយផ្ទាល់ តែមិនបានរួមចំណែកប៉ះពាល់លុយកាក់ផ្ទៃក្នុងកម្មវិធីនោះទេ សូម្បីលោកផ្ទាល់ក៍មិនមានតួនាទីនៅទីនោះ (World Fight) ផង។
ដោយឡែក លោក គង់ វិសាល ជាផលិតករមួយរូបទៀតនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក៏បានបញ្ជាក់ផងដែរពាក់ព័ន្ធនឹងបញ្ហាលុយកាក់មិនទាន់ទូទាត់ជាមួយបួខាវនេះ គឺជនជាតិថៃឈ្មោះ TIPAYA SRISUD កាន់ Passport លេខ: AB2468835 ឈ្មោះហៅក្រៅ . Mr Oun ក្រោយមកប្តូរឈ្នោះ Tonny Ann ជាអ្នកទាក់ទងយកមកប្រកួតទេ រឿងលុយបានចំណាយទៅកីឡាករប៊ួខាវ គ្រប់ចំនួនឬមិនគ្រប់ មិនពាក់ពន្ធ័ភាគីកម្ពុជាឡេីយ ៕