ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាការប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានកាន់តែពិសេសនៅឆ្នាំនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលជាកិច្ចប្រជុំអាស៊ានធំដំបូងប្រចាំឆ្នាំ។ នេះគឺជាការចាប់ផ្តើមពិសេសមួយ ខណៈ​ដែល​យើង​បាន​ស្វាគមន៍​ទីម័រឡេស្តេ ដែល​ជា​សមាជិក​អាស៊ាន​ទី១១ ជា​គោលការណ៍។

លោក ប្រាក់ សុខុន បានសរសេនទៅលើ facebook page របស់លោកថា៖ «ខ្ញុំទើបតែត្រលប់មកពីទីក្រុងហ្សាកាតាដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលជាកិច្ចប្រជុំអាស៊ានធំដំបូងប្រចាំឆ្នាំ។ នេះគឺជាការចាប់ផ្តើមពិសេសមួយ ខណៈ​ដែល​យើង​បាន​ស្វាគមន៍​ទីម័រឡេស្តេ ដែល​ជា​សមាជិក​អាស៊ាន​ទី១១ ជា​គោលការណ៍។ យើងបានបន្តពិភាក្សាអំពីបញ្ហាជាច្រើនដែលជាផលប្រយោជន៍រួម និងបានគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធានាថាការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ នឹងមានភាពឆាប់រហ័ស ព្រមទាំងប្រកបដោយចីរភាព»។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសក៏បានគូសបញ្ជាក់ផងដែរថា៖ «ជាប្រវត្តិសាស្ត្រដែលលោកជំទាវ អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Magno) រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​​ជាលើកដំបូង បន្ទាប់ពីទីម័រឡេស្តេទទួលបានការឯកភាព ជាគោលការណ៍ កា្លយជាប្រទេសសមាជិកអាស៊ានទី១១ ដោយកិច្ចប្រជុំកំពូល អាស៊ានលើកទី៤១ នៅកម្ពុជា»។

ក្រសួងការបរទេសបន្ថែមថា កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ ត្រូវបានចាប់ផ្តើមឡើងដោយបទបង្ហាញយ៉ាងលម្អិតរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី​ និងជាប្រធានអាស៊ានឆ្នាំ២០២៣ ​ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាព​ថា អាស៊ានពិតជាមានសារសំខាន់ ហើយបានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿយ៉ាងមុតមាំថា សមិទ្ធភាពអាទិភាពគន្លឹះ​របស់ប្រធានអាស៊ាននៅក្នុងឆ្នាំនេះ​ នឹងជួយប្រែក្លាយអាស៊ានឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។

កិច្ចប្រជុំបានកោតសរសើរដល់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយ​ឆ្នាំ២០២៥ (HLTF-ACV) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសក្នុងការផ្តល់អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នអាស៊ាន ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រគល់ភារកិច្ចជូនឧត្តមមន្ត្រីអាស៊ាន​សិក្សា​អំពីលទ្ធភាព​បង្កើតក្រុមការងារ ដើម្បីពិភាក្សាពីវិធី​ពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបចំពោះមុខនឹងវិបត្តិនានា ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ហើយក៏បានចាត់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងស្ថាប័នពាក់ព័ន្ធ អំពី​អនុសាសន៍គន្លឹះ​នានារបស់ HLTF-ACV។

កិច្ចប្រជុំបានលើកឡើងអំពីសារសំខាន់នៃការអនុវត្តនូវជំហានជាក់ស្តែង ដើម្បីសម្រេចគោលដៅនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងបានចាត់ឲ្យ CPR ពិភាក្សាអំពីផែនទីបង្ហាញផ្លូវអាស៊ានសម្រាប់ការលើកកម្ពស់ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងតាមដានការអនុវត្តនៃសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងវិស័យអាទិភាពចំនួន៤នៃ​ AOIP។

បន្ថែមពីនេះ ACC ក៏បានផ្លាស់ប្តូរទស្សនៈលើការតាមដានការអនុវត្តនៃសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីសេដ្ឋកិច្ចពណ៌ខៀវ និងបានឯកភាព​បង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់​ជាថ្មីអំពីការប្តេជ្ញាចិត្ត​ពង្រឹងយន្តការនិងក្របខ័ណ្ឌការងារ ថ្នាក់​តំបន់ ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈ ក្រៅពីជំងឺកូវីដ-១៩ រួមទាំងការដាក់ដំណើរការឱ្យបានឆាប់នូវ​មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺរាតត្បាតថ្មីៗ។

ACC ក៏បានអនុម័តលើវិសោធនកម្មលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលនឹងអនុញ្ញាតឱ្យប្រទេស​សមាជិកអាចប្រើប្រាស់មូលនិធិនេះដើម្បីទិញវ៉ាក់-សាំងសម្រាប់ជំងឺឆ្លងផ្សេងៗទៀត។

ចំពោះបញ្ហាទីម័រឡេស្តេ រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រគល់ភារកិច្ចជូនក្រុមការងាររបស់ ACC ​ពន្លឿនការរៀបចំផែនទីចង្អុលផ្លូវមួយ ដែលផ្អែកលើលក្ខណៈវិនិច្ឆ័យគោលដៅសម្រាប់ការចូលជា សមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ ហើយដែលនឹងដាក់ជូនអនុម័តនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

កិច្ចប្រជុំបានអនុម័តគោលការណ៍ណែនាំស្តីពីការអនុវត្តលក្ខន្តិកជាអ្នកសង្កេតការណ៍របស់ទីម័រឡេស្តេសម្រាប់សមាជិកភាពអាស៊ាន ដើម្បីអនុញ្ញាតឲ្យទីម័រឡេស្តេអាចចូលរួមក្នុងកិច្ច​ប្រជុំអាស៊ានទាំងអស់ និងអាចធ្វើសេចក្តីថ្លែងការណ៍បាន តាមការ​សមស្រប​។

បន្ថែមលើសនេះផងដែរ រដ្ឋមន្ត្រីការបរទេសអាស៊ានបានគូសបញ្ជាក់នូវសារសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលដើរតួដ៏សំខាន់ក្នុងការស្តារសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចប្រជុំបានរំលឹកអំពីគំនិតផ្តួចផ្តើមក្នុងការបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលជាក្របខ័ណ្ឌការងារអាចអនុវត្តបាននិងមានភាពជាក់ស្តែង និង​អនុញ្ញាតឱ្យប្រទេសសមាជិកធ្វើការផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅកាន់អនាគតបៃតង និងប្រកបដោយចីរភាព។

នៅក្នុង​កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន រដ្ឋមន្ត្រីបានពិភាក្សាលើការងារតាមដានអំពីការវាយតម្លៃនិងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងបាន​ទទួលស្គាល់ពីភាពស្មុគ្រស្មាញ និងការលំបាកនៃវិបត្តិនយោបាយនៅ​មីយ៉ាន់ម៉ា ហើយបានទទួលស្គាល់ថា គឺ​ត្រូវការពេលវេលាដើម្បីឈានទៅរកដំណោះស្រាយនយោបាយយូរអង្វែង។ ខណៈពេលដែលការបញ្ឈប់អំពើហឹង្សា និងការសន្ទនាប្រកបដោយបរិយាប័ន្ន គឺ​ជាជំហានដ៏សំខាន់មួយ​ឆ្ពោះទៅរកសន្តិភាពយូរអង្វែង ការកសាងទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធជាបន្ទាន់ជាកត្តាចាំបាច់។

អង្គប្រជុំបានឯកភាពថា ការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់គួរតែត្រូវជំរុញឲ្យខ្លាំងបន្ថែមទៀត ក្នុងឥរិយាបថបរិយាប័ន្ន និងប្រកបដោយភាពបត់បែន​ ព្រមទាំងឲ្យស្របតាមធម្មនុញ្ញអាស៊ាន។

រដ្ឋមន្រ្តីការបរទេសអាស៊ានបានបញ្ជាក់អំពីការប្តេជ្ញាចិត្ត​​រក្សា​​​ «មជ្ឈភាព​និងឯកភាពអាស៊ាន» នៅក្នុងដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយ​ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រី រ៉េតណូ ម៉ារស៊ូឌី និងការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី​មីយ៉ាន់ម៉ាផងដែរ។​

អង្គប្រជុំបានស្វាគមន៍នូវ​សេចក្តីព្រាងផែនការអនុវត្ត​ 5PC ដែលជាឯកសាររស់អាចធ្វើបច្ចុប្បន្នភាពបាន អាស្រ័យតាម​វឌ្ឍនភាព និងស្ថានការណ៍ នៅ​មីយ៉ាន់ម៉ា។

កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បា​នផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ​ ដែលជាប្រយោជន៍និងកង្វល់រួម រួមទាំងស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ សង្រ្គាមនៅអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង ជាដើម។ រដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងលើកកម្ពស់ពហុភាគីនិយម ការសន្ទនាក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជម្នះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន។

លើសពីនេះ កិច្ចប្រជុំក៏​បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមរបស់ដៃគូនានាត្រូវតែស្របតាមធម្មនុញ្ញអាស៊ាន និង AOIP ហើយរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី អាដាល់ជីហ្សា ម៉ាកណូ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងជាមួយ​លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្រ ទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងនៃប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញដល់ដំណើរការកសាងសហគមន៍អាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក