ភ្នំពេញ៖ គណៈកម្មាធិការជារៀបចំការបោះឆ្នោតហៅថា គ.ជ.ប បានប្រកាសព័ត៌មានស្ដីពីការចាប់ផ្ដើមទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី៣ ខែកុម្ភៈ គ.ជ.ប ឲ្យដឹងថាគណបក្សនយោបាយត្រូវដាក់ពាក្យសុំនៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១១និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង២ ដល់ម៉ោង ៥និង៣០នាទី។
ពាក្យសុំចុះបញ្ជីនេះ ត្រូវបានផ្តល់ដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណង ចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh ។
គ.ជ.ប បញ្ជាក់ថា៖ «ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការ ផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ ។ ការផ្ទេរសិទ្ធិបន្តត្រូវតែ មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ»។
បន្ថែមលើនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានឲ្យដឹងដែរថាការរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត មាន ២របៀបថ្មី គឺគណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយដៃ ឬរៀបចំបញ្ជីបេក្ខជនឈរឈ្មោះតាមកម្មវិធីអនឡាញ។
គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយ និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ។
PHOTO: ហ៊ាន រង្សី