ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត មានជំនឿថាទំនាក់ទំនងកម្ពុជា-ឥណ្ឌា កាន់តែត្រូវពង្រឹងបន្ថែមទៀតនៅថ្ងៃខាងមុខ

ឥណ្ឌា៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំពឹងថាអនាគត ទំនាក់ទំនងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោកថ្លែងបែបនេះក្នុងពេលចូលជួបសម្តែងការគួរសមជាមួយនឹងអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ចាក់ឌីប ថាំងកា (Jagdeep Dhankha) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងញ៉ូដេលី ប្រទេសឥណ្ឌា។

ក្នុងជំនួបនេះលោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

លោកក៏បានរំឭកផងដែរអំពីការធ្វើដំណើររបស់ លោក មកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាការឆ្លើយតបមេទ័ពជើងគោកកម្ពុជាលោក ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាពព្រមជាមួយការអរគុណចំពោះការផ្តល់កិត្តិយស និងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ពីសំណាក់រដ្ឋាភិបាល និងកងទ័ពនៃសាធារណរដ្ឋឥណ្ឌា ដោយនេះពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលជាទំនាក់ទំនងស្អិតរមួតដិតដាមដោយដានប្រវត្តិសាស្ត្រដ៏យូរលង់រាប់ពាន់ឆ្នាំក្នុងអតីតកាល។

លោកក៏បានបន្តថា នៅក្រោយការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥២ ជាពិសេសក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន រួមនឹងប្រមុខថ្នាក់ដឹកនាំឥណ្ឌាជាច្រើនរូប ចាប់តាំងពីការរំដោះប្រទេសចេញពីរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌពហុភាគីនៃវេទិកាតំបន់ និងសាកល។

លោកបញ្ចាក់ថា៖ «សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អនេះក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

លោកឧត្តមសេនីយ៍ឯក ក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសាធារណរដ្ឋឥណ្ឌាក្នុងនាមជាមិត្តល្អ ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាបានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជា៖ ការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១ ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។

គួរឲ្យដឹងដែរថា ការធ្វើទស្សនកិច្ចទៅប្រទេសឥណ្ឌារបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២មក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក