អន្តរជាតិ៖ រដ្ឋមន្រ្តីកីឡាប៉ូឡួញ លោក Kamil Bortniczuk និយាយនៅថ្ងៃសុក្រនេះថា លោកសង្ឃឹមថានឹងមានបណ្តាប្រទេសនានាចេញមកប្រតិកម្ម និងតវ៉ាចំពោះការបញ្ចូលវត្តមានអត្តពលិកមកពីរុស្សី និងបេឡារុស្ស ប្រសិនបើពួកគេមានវត្តមានក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។
មន្រ្តីជាន់ខ្ពស់របស់ប៉ូឡូញដដែលបាននិយាយថា បណ្តាប្រទេសមួយចំនួនដែលប្រឆាំងនឹងរុស្សីលើការឈ្លានពានទៅលើអ៊ុយក្រែន ប្រាកដណាស់ថានឹងប្រឆាំងដូចគ្នាចំពោះវត្តមានអត្តពលិករុស្សី និងបេឡារុស្សក្នុងព្រឹត្តិការណ៍នេះ ជាពិសេសបណ្តាប្រទេសនានាដែលជាសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។ លោកបន្ថែមថា បណ្តាមន្រ្តីជាន់ខ្ពស់ផ្នែកកីឡានៃបណ្តាប្រទេសទាំងនេះ នឹងជួបប្រជុំគ្នាតាមរយៈប្រព័ន្ធវីដេអូនាថ្ងៃទី១០ ខែកុម្ភៈខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបន្ថែមថា សហរដ្ឋអាមេរិកទំនងក៏នឹងប្រឆាំងទៅនឹងវត្តមានអត្តពលិករុស្សី និបេឡារុស្សផងដែរ បើទោះបីជាពេលថ្មីៗកន្លងទៅ សេតវិមានបាននិយាយថា ខ្លួននឹងគាំទ្រការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សប្រកួតប្រជែងក្នុងលក្ខណៈជាអត្តពលិកអព្យាក្រឹត។
អគ្គលេខាធិការសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកគាំទ្រពេញទំហឹងចំពោះការហាមឃាត់ស្ថាប័នកីឡាជាតិរបស់រុស្សី និងបេឡារុស្ស ចេញពីសហព័ន្ធកីឡាអន្តរជាតិ។ ប៉ុន្តែប្រសិនបើអត្តពលិកនៃប្រទេសទាំងពីរនេះត្រូវបានអញ្ជើញក្នុងនាមជាអត្តពលិកអព្យាក្រឹត្យមិនតំណាងឱ្យប្រទេសរបស់ពួកគេ ទៅក្នុងព្រឹត្តិការណ៍ធំៗដូចជាអូឡាំពិកជាដើម ត្រូវតែបញ្ជាក់ឱ្យច្បាស់ថាពួកគេមិនតំណាងឱ្យរុស្សី និងបេឡារុស្សសម្រាប់ការបង្ហាញខ្លួននោះឡើយ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានសង្កេតឃើញការជជែកដេញដោលកាន់តែខ្លាំងបានកើតមានឡើងជុំវិញការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ២០២៤។ ចំពោះអ៊ុយក្រែនកំពុងអំពាវនាវឱ្យអត្តពលិករុស្ស៊ីទាំងអស់ត្រូវបានហាមឃាត់ទាំងស្រុង ដោយលើកហេតុផលជុំវិញការឈ្លានពានរបស់ប្រទេសរុស្សីមកលើប្រទេសអ៊ុយក្រែនយ៉ាងឃោរឃៅ ដោយអះអាងថាអត្តពលិកអ៊ុយក្រែនស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ដោយឡែក ចំពោះប្រទេសរុស្ស៊ីវិញបាននិងកំពុងជំរុញឱ្យដកការរឹតត្បិតទាំងអស់លើអត្តពលិករបស់ខ្លួនដោយបាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិកមិនគួរពាក់ព័ន្ធនឹងនយោបាយនោះទេ៕