BREAKING NEWS: ស្លាប់២នាក់ ដោយសារពុលត្រីកំពត | ក្រសួងធម្មការនិងសាសនា ណែនាំឱ្យវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទីអារាមសាសនា | ជប៉ុនផ្តល់ជំនួយ ២,៧ លានដុល្លារសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងកម្ចី ៥៩,៦ លានដុល្លារសម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ៥ | ​ប្រធានាធិបតីអ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីហុងគ្រីមិនអាចដើរតួជាអ្នកសម្របសម្រួលសង្គ្រាមរុស្សី និងអ៊ុយក្រែនបានឡើយ |

រដ្ឋាភិបាលកម្ពុជាជំរុញយុវជនបង្កើតស្នាដៃវប្បធម៌ថ្មីៗបន្ថែមទៀតដើម្បីលើកស្ទួយវប្បធម៌ជាតិ

ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះនឹងប្រារព្ធឡើងក្រោមប្រធានបទដូចនឹងឆ្នាំមុនផងដែរគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេនចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ។

ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់ដែលតែងតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណុបការៈបុរសខ្មែរដែលបានពលី និងបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបសម្រាប់អ្នកជំនាន់ក្រោយ។

រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យវប្បធម៌ជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ និងពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម។

មុនទិវាវប្បធម៌ជាតិនេះមកដល់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំស្តីពីការរៀបចំទិវាវប្បធម៌៣មីនា លើកទី២៥ ឆ្នាំ២០២៣។ សម្តេចតេជោបានជំរុញឱ្យពលរដ្ឋ ពិសេសយុវជនឱ្យបន្តខិតខំបង្កើតស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឈសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

សម្តេចតេជោជំរុញឱ្យយុវជនចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ ជាមួយគ្នានេះត្រូវលើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

ដើម្បីឱ្យទិវាវប្បធម៌ជាតិនេះប្រារព្ធទៅដោយរលូន សម្តេចតេជោបានស្នើឲ្យអន្តរក្រសួងដែលពាក់ព័ន្ធ ស្ថាប័ន សាលារៀន រោងចក្រ សហគ្រាសរដ្ឋនិងឯកជន និងវត្តអារាម គឺត្រូវរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវវប្បធម៌ជាតិ តាមរយៈការរៀបចំបដា និងពាក្យស្លោកបិទនៅតាមទីតាំងផ្ទាល់ តាមទីតាំងសំខាន់ៗក្នុងរាជធានីខេត្តរបស់ខ្លួន និងនៅតាមបណ្តោញសង្គម។

លើសពីនេះសម្តេចស្នើឲ្យក្រសួងការបរទេស ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុលស៊ុលកិត្តិយសនៃកម្ពុជាប្រចាំនៅក្រៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឲ្យចូលរួមរៀបចំកម្មវិធីដើម្បីអបអរទិវាវប្បធម៌នេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក