ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា
ភ្នំពេញ: នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក ហុង ថែម បានទទួលមរណភាពនៅថ្ងៃទី១៤ ខែកក្កដា ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។ លោក ឌុច សុវណ្ណារី អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មិនត្រឹមតែមិនចូលរួមរំលែមណទុក្ខចំពោះមរណភាពរបស់លោក ហុង ថែម នោះឡើយហើយថែមទាំងបង្ហោះសារផ្ចាញ់ផ្ចាលថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកថា «ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ជាញ់ផ្ចាល់ចំពោះសព សូម្បីតែលោកស្រី ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕