សា្ថប័នជាតិចំនួន២ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទានតាមទូរស័ព្ទខុសច្បាប់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទាន និងហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ធនាគារជាតិកន្លងមកក៏ធ្លាប់បានព្រមានជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមានករណីនេះកើតឡើងទៀតដោយកាលពីថ្មីៗនេះមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសការផ្តល់សេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។
តាមរយៈសកម្មភាពផ្សព្វផ្សាយខុសពីគោលការណ៍ច្បាប់របស់ធនាគារជាតិនៃកម្ពុជានេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ជាមួយគ្នានេះធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើវិស័យធនាគារនៅកម្ពុជាទាំងមូល។
ដើម្បីទប់ស្កាត់ករណីនេះ ធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យពលរដ្ឋកុំខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជាប្រាប់ពលរដ្ឋប្រសិនមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍មកធនាគារជាតិតាមរយៈលេខទូរស័ព្ទចំនួន ៥ខ្សែ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕