អ៉ីតាលី៖ ក្លិប AS Roma បានធ្លាក់ចេញពីពានរង្វាន់ Coppa Italia នៅយប់មិញនេះយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយថ្វីជើងក្រុមភ្ញៀវ Cremonese ក្នុងលទ្ធផល ២-១ ខណៈដែលក្រុមមួយនេះកំពុងនូវបាតតារាងដោយមិនមែនជាបេក្ខភាពដែលគួរឱ្យចាប់អារម្មណ៍ក្នុងការឈានដល់វគ្គពាល់កណ្តាលផ្តាច់ព្រ័ត្រ។
Cremonese ជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាឈ្នះសោះសូម្បីតែម្តងនៅក្នុងក្របខណ្ឌ Serie A រដូវកាល ២០២២-២៣ នេះ ព្រមទាំងជាក្រុមដែលកំពុងឈរបាតតារាងផងនោះ ក៏បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយបានទម្លាក់ក្រុមកំពូលតារាង Napoli ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។
យប់មិញនេះ Cremonese រកគ្រាប់បាល់បានមួយគ្រាប់មុនដោយកីឡាករ Cyriel Dessers បន្ទាប់ពីអ្នកចាំទី Rui Patricio បានបង្កកំហុសទៅលើគេក្នុងតំបន់គ្រោះថ្នាក់ មុនពេលដែលក្រុមភ្ញៀវបន្ថែមការនាំមុខមួយគ្រាប់ទៀតនៅដើមវគ្គទី២ ដោយកីឡាករខ្សែការពារ Mehmet Celik របស់ AS Roma ភ្លាត់ធ្វើឱ្យបាល់ចូលទីខ្លួនឯង។ AS Roma របស់លោក Jose Mourinho ក៏ព្យាយាមតបវិញបានមួយគ្រាប់ដែរ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Andrea Belloti នៅនាទីទី៩០+៤។
Cremonese នឹងត្រូវជួបជាមួយក្រុម Fiorentina នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ Fiorentina ទម្លាក់ Torino យប់មិញក្នុងលទ្ធផល ២-១ ដូចគ្នា ខណៈ Inter Milan ដែលទម្លាក់ Atalanta នឹងត្រូវត្រៀមជួបជាមួយក្រុមដែលឈ្នះរវាង Juventus ជួបជាមួយ Lazio។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើង ២ជើង ដោយរូបមន្តក្នុងដី និងក្រៅដី៕