ភ្នំពេញ៖ ថ្លែងចេញពីពិធីសំណេះសំណាលសិស្សនិទ្ទេស A នៅសម័យប្រឡងឆ្នាំ២០២២ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអញ្ជើញមកដើរកម្សាន្តទស្សនាការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាបច្ចុប្បន្ននេះ។
សម្តេចតេជោបានប្រាប់ពលរដ្ឋនៅក្រៅប្រទេដូច្នេះថា៖ «អញ្ជើញបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសមកធ្វើទេសចរក្នុងស្រុក»។
សម្តេចអំពាវនាវបែបនេះ ក្រោយពីសម្តេចសង្កេតឃើញថាពលរដ្ឋវៀតណាមដែលរស់នៅក្រៅប្រទេសបាននាំលុយចូលស្រុករបស់ខ្លួន។ សម្តេចចង់ឱ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសវិលត្រឡប់មកលេងកម្ពុជាដូចពលរដ្ឋវៀតណាមផងដែរ។
សម្តេចតេជោ រីករាយក្រោយពីឃើញពលរដ្ឋខ្មែរនៅក្រៅប្រទេសចំនួន ៥នាក់ដែលបានជាប់នៅក្នុងកប៉ាល់ Westerdam កាលពីឆ្នាំ២០២០ បានអញ្ជើញមកលេងកម្ពុជាវិញកាលពីថ្មីៗនេះ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយ សម្ភាស និងបង្ហាញពីអារម្មណ៍រីករាយដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យកប៉ាល់ចុះចតនៅកម្ពុជា ខណៈប្រទេសដទៃបដិសេធដោយសារភ័យខ្លាចការរាតត្បាតជំងឺកូវីដ-១៩៕