ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អភិបាលខេត្តមួយចំនួនដែលបានសម្រួលដល់ការប្រឡងបាក់ឌុបរបស់សិស្សទី១២ ប្រកបដោយជោគជ័យ។
សម្តេចតេជោបានថ្លែងដូច្នេះថា៖ «ខ្ញុំសូមអរគុណ នៅពេលប្រឡងឃើញខេត្តខ្លះប្រកាសថា ស្នាក់នៅមិនយកលុយ ឬចុះថ្លៃឈ្នួលផ្ទះ ហ្នឹងសុទ្ធតែបង្កលក្ខណៈឱ្យខេត្តមួយៗមានការទទួលខុសត្រូវបែបនេះ គឺថាវាល្អ។ នោះហើយជាការសប្បាយរីករាយដែលយើងមិនទុកឱ្យក្រសួងអប់រំ ឬមន្ទីរអប់រំតែម្នាក់ឯងទេ បានន័យថា យើងរួមគ្នាធ្វើក្នុងចលនាជាតិលើវិស័យអប់រំ»។
ជាមួយគ្នានេះសម្តេចតេជោ ក៏បានកោតសរសើរដល់អាជ្ញាធរដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការដែលបានលើកទឹកចិត្ត និងផ្តល់រង្វាន់ជាច្រើនដល់សិស្សនិទ្ទេស A នៅតាមមូលដ្ឋាន។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១ ០៤៩នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថា សិស្សានុសិស្សដែលបានកើតក្នុងកាលៈទេសៈនេះពិតជាសំណាងត្រង់ថា កម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ បើធៀបនឹងយុវជនដែលស្ថិតក្នុងសម័យកម្ពុជាមានសង្រ្គាម។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ មានសិស្សចំនួន ៩០ ៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់៕