ត្រៀមអង្រុត ឈ្នាង ក្អុះ និងត្រកឱ្យហើយទៅ ពិធីចាប់ត្រីតាមបែបបុរាណនៅស្រុកមេមត់នឹងធ្វើនៅថ្ងៃទី១៨ កុម្ភៈ
ត្បូងឃ្មុំ៖ ពិធីចាប់ត្រីតាមបែបបុរាណ នឹងប្រារព្ធឡើង នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីព្រឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីចាប់ត្រីតាមបែបបុរាណរួមគ្នានេះ នឹងធ្វើឡើងក្រោមអធិបតីភាព អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ ពិធីចាប់ត្រីរួមគ្នានេះនឹងចាប់ផ្តើមធ្វើឡើងចាប់ពីម៉ោង ១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ដោយតម្រូវឱ្យពលរដ្ឋប្រើប្រាស់តែឧបករណ៍ចាប់ត្រីបែបបុរាណតែប៉ុណ្ណោះរួមមាន អង្រុត ឈ្នាង ត្រក និងក្អុះ។
សូមបញ្ជាក់ថា ពិធីចាប់ត្រីរួមគ្នាគឺជាប្រពៃណីទំនៀមទម្លាប់ដែលអ្នកស្រុកតែងតែធ្វើឡើង១ឆ្នាំម្តង តាំងពីសម័យដូនតាមកម្ល៉េះ។ បឹងត្រពាំងក្រម ដែលមានផ្ទៃបឹង ១ហិកតា គឺជាបឹងដែលអាជ្ញាធរហាមមិនឱ្យនេសាទ ដោយទុកសម្រាប់ឱ្យពលរដ្ឋខ្មែរមកចាប់ត្រីរួមគ្នានៅរដូវទឹកស្រក។ នៅពេលយប់ មានពលរដ្ឋរាំលេងសប្បាយរីករាយ និងចម្អិនអាហារបរិភោគជុំគ្នា៕