តាកែវ៖ ស្នងការនគរបាលខេត្តតាកែវបំភ្លឺករណីមានក្រុមក្មេងទំនើងធ្វើសកម្មភាពគប់កញ្ចក់រថយន្តមួយគ្រឿងបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសធ្ងន់ ខណៈពេលនេះសមត្ថកិច្ចកំពុងស្វែងរកក្រុមក្មេងទំនើងទាំងនោះ។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានក្រុមក្មេងទំនើងមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពគប់កញ្ចក់រថយន្តមួយគ្រឿងម៉ាក Ford ពណ៌ស ធ្វើដំណើរទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ បណ្តាលឱ្យអ្នកដំណើររងរបួសធ្ងន់ ១នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
នគរបាលខេត្តតាកែវបានឱ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលថតបាននៅទីតាំងកើតហេតុ និងនៅតាមផ្លូវជិតទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានក្រុមក្មេងទំនើង ២ក្រុម មួយក្រុមជិះម៉ូតូ៧ ទៅ៨គ្រឿង និងមួយក្រុមទៀតជិះម៉ូតូពី១០ ទៅ ១៥គ្រឿង ប្រដេញគ្នាបង្ហោះតាមដងផ្លូវ លុះដល់កន្លែងកើតហេតុ ភាគីមួយមានម៉ូតូម៉ាក ស៊ុយៗគីនិច ម៉ាកហុងដាប៊ីត និងម៉ាកអេចសាយទ័រ បានជិះត្រលប់ក្រោយ ប្រដាប់ដោយដុំថ្មគប់ទៅលើភាគីមួយក្រុមទៀតដែលជិះប្រដេញពីក្រោយ បណ្តាលឱ្យផ្លាតត្រូវរថយន្តខាងលើ។
ស្នងការដ្ឋាននគរបាលខេត្តតាកែវបានបញ្ចាក់ថា តាមរយៈវីដេអូកាមេរ៉ា ក្រុមក្មេងទំនើងទាំងនោះមិនមាននៅមូលដ្ឋានស្រុកត្រាំកក់នោះទេ តែកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងកសាងសំណុំរឿងតាមនីតិវិធី។
គួរឱ្យដឹងដែរថា កិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានស្រុកត្រាំកក់ ជាពិសេសមុខសញ្ញាក្មេងទំនើងដែលបង្កអសន្តិសុខ ដេញវាយគ្នា និងគប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិលេខ៣ នាឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ បង្ក្រាបបានចំនួន ៤ករណី។ ករណីគប់កញ្ចក់រថយន្ត ១ករណី ករណីក្មេងទំនើងបង្ហោះម៉ូតូ ដេញវាយគ្នា ២ករណី និងករណីដឹកជញ្ជូនអាវុធខុសច្បាប់ (កាំបិត ដាវ) ១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ (ប្រុស) បានអប់រំណែនាំ (ករណីបង្ហោះម៉ូតូ) និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ និងបានរៀបចំកម្លាំងប្រចាំការ ល្បាត នៅតាមគោលដៅចំណុចសំខាន់ ដើម្បីបង្ការ ទប់ស្កាត់ និងត្រៀមអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ក្នុងករណីបទល្មើសកើតឡើងជាយថាហេតុ៕