អ៊ុយក្រែន៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និយាយនៅដើមខែកុម្ភៈនេះថា អ៊ុយក្រែននឹងទទួលបានជំនួយជារថក្រោះចម្បាំងចំនួនចន្លោះពី ១២០ ទៅ ១៤០គ្រឿង ដែលជា"រលកទីមួយ" នៃការជួយគាំទ្រពីបណ្តាប្រទេសចំនួន ១២។
រដ្ឋាភិបាលទីក្រុង Kyiv ទទួលបានការសន្យាពីលោកខាងលិចក្នុងខែមករា ដើម្បីផ្គត់ផ្គង់រថក្រោះប្រយុទ្ធទំនើបសំខាន់ៗ ក្នុងគោលដៅជួយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយទីក្រុងមូស្គូបានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងធំធេងក្នុងការបង្កើនការវាយសម្រុកកាន់តែលឿនបន្ថែមទៀតនៅលើសមរភូមិភាគខាងកើតប្រទេសអ៊ុយក្រែន។
ផ្អែកតាមរដ្ឋមន្រ្តីការបរទេសរូបនេះ រថក្រោះដែលត្រូវបានបញ្ជូនមករួមមាន រថក្រោះ Leopard 2 របស់អាល្លឺម៉ង់ រថក្រោះ Challenger 2 របស់ចក្រភពអង់គ្លេស និងរថក្រោះ M1 Abrams របស់អាមេរិក ខណៈអ៊ុយក្រែនក៏រាប់បញ្ចូលនូវការផ្តល់រថក្រោះ Leclerc របស់បារាំងដែលទើបតែព្រមព្រៀងផងដែរ។
យ៉ាងណាមិញ លោក Kuleba ពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការមកដល់នៃរថក្រោះចម្បាំងទាំងនេះឡើយ ដោយលោកអះអាងថាត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការហ្វឹកហាត់របស់កងកម្លាំងអ៊ុយក្រែនក្នុងការប្រើប្រាស់រថក្រោះទាំងនេះ។ Kuleba បាននិយាយថា Kyiv កំពុងធ្វើការងារយ៉ាងមមាញឹកដើម្បីទទួលបានការផ្គត់ផ្គង់រថក្រោះទាំងនេះ នូវអ្វីដែលក្រុមមន្ត្រីនិយាយថាជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងសង្រ្គាម។
ថ្មីៗនេះ ទីក្រុង Kyiv គ្រោងនឹងបើកការវាយលុកដ៏ធំមួយ ដើម្បីដណ្តើមយកមកវិញនូវទឹកដីជាច្រើន ដែលរុស្ស៊ីបានកាន់កាប់នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស។ ប៉ុន្តែយ៉ាងណាក្តី សហរដ្ឋអាមេរិកបានប្រាប់ក្រុង Kyiv ឱ្យផ្អាកផែនការទាំងនោះសិន និងរង់ចាំរហូតដល់ជំនួយយោធាលោកខាងលិចបានមកដល់អ៊ុយក្រែន៕