ជនសង្ស័យម្នាក់ដែលប្ដូរជីវិតឆក់ថេបប្លេតយ៉ាងកញ្ចាស់មួយគ្រឿងហើយលក់មិនបានត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ នគរបាលខណ្ឌជ្រោយចង្វាបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលឆក់កាបូបស្រ្តីម្នាក់យកថេបប្លេតម៉ាកសាំស៊ុងយ៉ាងកញ្ចាស់មួយគ្រឿង កាលពីចុងខែមករាកន្លងទៅ។
ជនសង្ស័យមានឈ្មោះហៅក្រៅថា មាន់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានមុខរបរត្រឹមត្រូវជាជាងមាសទៀត។ ត្រូវបាននគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
តាមការចុះផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញករណីឆក់កាបូប និងថេបប្លេតម៉ាកសាំស៊ុងសេរីចាស់នេះ ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ វត្ថុដែលឆក់បានរួមមាន កាបូបម៉ាក LV ពណ៌សូកូឡា និងប័ណ្ណក្រីក្រ ជារបស់ជនរងគ្រោះ ហើយថេបប្លេតម៉ាកសាំស៊ុងសេរីចាស់មួយគ្រឿង។
ទំនងជាខឹងចិត្តព្រោះថេបប្លេតនោះចាស់ខ្លាំងពេកគ្មានអ្នកណាទិញ ត្រូវបានជនសង្ស័យបោះចោលទៅទឹកទន្លេបាត់ហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕