ពលរដ្ឋចំនួន ៣គ្រួសារដាក់ពាក្យបណ្តឹងទៅលោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមរឿងជម្លោះដីធ្លីជាមួយឧកញ៉ាម្នាក់
ភ្នំពេញ៖ ពលរដ្ឋចំនួន ៣គ្រួសារ បានដាក់ពាក្យបណ្តឹងទៅលោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមលើរឿងឧកញ៉ា ជៀម ផន ដែលបានធ្វើប្លឹងរឹងយកដីរបស់ពួកគេទំហំ ១៦ហិកតា នៅក្នុងស្ថិតនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបច្ចុប្បន្ននៅភូមិរិទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ ខណៈពួកគេមានត្រឹមតែលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីតែប៉ុណ្ណោះ។
លោក ជា សុវណ្ណ ដែលជាយោធាពិការតំណាងពលរដ្ឋចំនួន៣គ្រួសារបានប្តឹងឧកញ៉ា ជៀម ផន ពីបទរំលោភបំពានយកដីចំការទំហំ ១៦ហិកតា ទៅអាជ្ញាធរភូមិឃុំស្រុកអស់ជាច្រើនលើក និងបានប្តឹងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងបានប្តឹងមកអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែនៅតែមិនអាចដោះស្រាយទំនាស់ដីធ្លីនេះបានឡើយ។
ដោយសារតែពលរដ្ឋទាំង៣គ្រួសារនោះពុំមានលទ្ធភាពប្តឹងទៅតុលាការ ទើបពួកគេផ្ញើលិខិតស្នើសុំជំនួយអន្តរាគមដើម្បីស្វែងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការគោរពជូនអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ក្នុងលិខិតស្នើសុំជំនួយអន្តរាគម ពលរដ្ឋទាំង៣គ្រួសារបានរៀបរាប់ដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាសូម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត មេត្តាជួយធ្វើអន្តរាគមន៍សម្របសម្រួលយកដីរបស់ខ្ញុំបាទដែល ឧកញ៉ា ជៀម ផន បានរំលោភយកនោះ ដើម្បីអោយខ្ញុំបាទបានកាន់កាប់ដោយស្របច្បាប់ និងធ្វើស្រែចំការវិញដោយក្ដីអនុគ្រោះ។ សូម ឯកឧត្តម អាណិតមេត្តាខ្ញុំដែលជាយោធាយោធាពិការផង ជាយុទ្ធជនផងក្រោមឱវាទ ឯកឧត្តម សូមជួយ ផ្តល់ក្តីសង្ឃឹមជាលើកចុងក្រោយ នៃអាយុជីវិតជាកងទ័ពពលីម្នាក់នៃដង្ហើមចុងក្រោយផងចុះ មានឯកឧត្តម គឺជាអ្នកបន្តវេនបក្សប្រជាជននិងជានាយករដ្ឋមន្ត្រីអនាគតជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរគ្រប់រូប»៕